លោកុប្បត្តិ 48:12-18 KHOV

12 នោះ​យ៉ូសែប​នាំ​កូន​ទាំង​២ ថយ​ចេញ​ពី​ក្បាល​ជង្គង់​ឪពុក​មក រួច​ក្រាប​ផ្កាប់​មុខ​ចុះ​ដល់​ដី

13 យ៉ូសែប​ក៏​នាំ​យក​កូន​ចូល​ទៅ​ជិត​ឪពុក​វិញ គឺ​អេប្រា‌អិម​នៅ​ដៃ​ស្តាំ​ទៅ​ខាង​ឆ្វេង​អ៊ីស្រា‌អែល ហើយ​ម៉ាន៉ាសេ​នៅ​ដៃ​ឆ្វេង​ទៅ​ខាង​ស្តាំ​អ៊ីស្រា‌អែល

14 នោះ​អ៊ីស្រា‌អែល​គាត់​លូក​ដៃ​ស្តាំ​ទៅ​ដាក់​លើ​ក្បាល​អេប្រា‌អិម​ដែល​ជា​ប្អូន ហើយ​ដាក់​ដៃ​ឆ្វេង​លើ​ម៉ាន៉ាសេ​វិញ ទោះ​បើ​ម៉ាន៉ាសេ​ជា​កូន​ច្បង​ក៏​ដោយ គាត់​ធ្វើ​ដៃ​ដូច្នេះ​ដោយ​មាន​គំនិត​យល់​ជាក់

15 រួច​គាត់​ឲ្យ​ពរ​ដល់​យ៉ូសែប​ថា សូម​ឲ្យ​ព្រះ ដែល​អ័ប្រា‌ហាំ​ជា​ជីតា និង​អ៊ីសាក​ជា​ឪពុក​អញ​បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ជា​ព្រះ​ដែល​បាន​ចិញ្ចឹម​អញ​គ្រប់​១​ជីវិត​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

16 គឺ​ជា​ទេវតា ដែល​បាន​ជួយ​ឲ្យ​អញ​រួច ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ សូម​ទ្រង់​ប្រទាន​ពរ​ដល់​ក្មេង​ទាំង​២​នេះ ហើយ​ឲ្យ​វា​បាន​ហៅ​តាម​ឈ្មោះ​អញ តាម​ឈ្មោះ​អ័ប្រា‌ហាំ​ជា​ជីតា និង​អ៊ីសាក​ជា​ឪពុក​អញ សូម​ឲ្យ​វា​បាន​ចំរើន​ឡើង មាន​គ្នា​សន្ធឹក​នៅ​លើ​ផែនដី

17 កាល​យ៉ូសែប​ឃើញ​ថា ឪពុក​ដាក់​ដៃ​ស្តាំ​លើ​ក្បាល​អេប្រា‌អិម នោះ​គាត់​មិន​សុខ​ចិត្ត​ឡើយ ក៏​ចាប់​ដៃ​ឪពុក ចង់​លើក​ចេញ​ពី​ក្បាល​អេប្រា‌អិម​ទៅ​ដាក់​លើ​ក្បាល​ម៉ាន៉ាសេ​វិញ

18 ដោយ​ពាក្យ​ថា មិន​ត្រូវ​ទេ លោក​ឪពុក​អើយ ដ្បិត​នេះ​ជា​កូន​ច្បង សូម​ដាក់​ដៃ​ស្តាំ​របស់​លោក​ឪពុក​លើ​ក្បាល​វា​វិញ