3 ហើយនិយាយទៅយ៉ូសែបថា ព្រះដ៏មានគ្រប់ទាំងព្រះចេស្តាទ្រង់បានលេចមកឯអញ ត្រង់លូសក្នុងស្រុកកាណាន ហើយក៏ប្រទានពរឲ្យអញ
4 ដោយព្រះបន្ទូលថា មើល អញនឹងធ្វើឲ្យឯងបង្កើតបានកូនចំរើនជាច្រើនឡើង ឲ្យឯងបានទៅជាពួកច្រើនរួមគ្នាតែ១ អញនឹងឲ្យស្រុកនេះដល់ពូជឯងតទៅ ទុកជាកេរអាករដល់គេនៅអស់កល្បជានិច្ច
5 រីឯកូនប្រុសឯងទាំង២ដែលឯងបានបង្កើតនៅស្រុកអេស៊ីព្ទ គ្រាមុនដែលអញមកឯឯងនៅស្រុកនេះ គឺអេប្រាអិម និងម៉ាន៉ាសេ នោះជារបស់ផងអញដូចជារូបេន និងស៊ីម្មានជារបស់ផងអញដែរ
6 តែពូជដែលឯងនឹងបង្កើតក្រោយទៀត នោះនឹងបានជារបស់ផងឯងវិញ វានឹងត្រូវហៅតាមឈ្មោះបងប្អូនវា ក្នុងចំណែកមរដករបស់គេ
7 ឯអញ កាលមកពីប៉ាដាន់ នោះម្តាយឯងបានស្លាប់ចោលអញទៅ តាមផ្លូវនៅស្រុកកាណាន ក្នុងកាលដែលជិតដល់អេប្រាតាហើយ អញក៏បានកប់សពនៅទីនោះតាមផ្លូវអេប្រាតា គឺជាបេថ្លេហិម។
8 អ៊ីស្រាអែលគាត់ឃើញកូនយ៉ូសែប ក៏សួរថា តើអ្នកណានេះ
9 រួចយ៉ូសែបជំរាបឪពុកថា នេះគឺជាកូនដែលព្រះបានប្រទានឲ្យខ្ញុំនៅស្រុកនេះ គាត់ប្រាប់ថា ចូរនាំវាមកណេះ អញនឹងឲ្យពរដល់វា