5 រីឯកូនប្រុសឯងទាំង២ដែលឯងបានបង្កើតនៅស្រុកអេស៊ីព្ទ គ្រាមុនដែលអញមកឯឯងនៅស្រុកនេះ គឺអេប្រាអិម និងម៉ាន៉ាសេ នោះជារបស់ផងអញដូចជារូបេន និងស៊ីម្មានជារបស់ផងអញដែរ
6 តែពូជដែលឯងនឹងបង្កើតក្រោយទៀត នោះនឹងបានជារបស់ផងឯងវិញ វានឹងត្រូវហៅតាមឈ្មោះបងប្អូនវា ក្នុងចំណែកមរដករបស់គេ
7 ឯអញ កាលមកពីប៉ាដាន់ នោះម្តាយឯងបានស្លាប់ចោលអញទៅ តាមផ្លូវនៅស្រុកកាណាន ក្នុងកាលដែលជិតដល់អេប្រាតាហើយ អញក៏បានកប់សពនៅទីនោះតាមផ្លូវអេប្រាតា គឺជាបេថ្លេហិម។
8 អ៊ីស្រាអែលគាត់ឃើញកូនយ៉ូសែប ក៏សួរថា តើអ្នកណានេះ
9 រួចយ៉ូសែបជំរាបឪពុកថា នេះគឺជាកូនដែលព្រះបានប្រទានឲ្យខ្ញុំនៅស្រុកនេះ គាត់ប្រាប់ថា ចូរនាំវាមកណេះ អញនឹងឲ្យពរដល់វា
10 រីឯអ៊ីស្រាអែល ភ្នែកគាត់ងងឹតដោយសារចាស់ គាត់មើលមិនឃើញច្បាស់ទេ យ៉ូសែបក៏នាំកូនចូលទៅជិត នោះគាត់ក៏ឱបថើបវា
11 រួចគាត់និយាយទៅយ៉ូសែប អញស្មានថា លែងឃើញមុខឯងហើយ តែមើល ព្រះបានឲ្យអញឃើញទាំងពូជឯងផង