1 យ៉ាកុបក៏ហៅកូនគាត់ទាំងអស់មកប្រាប់ថា ចូរឯងប្រមូលគ្នាទាំងអស់មក ដើម្បីអញនឹងប្រាប់ឲ្យដឹងពីការដែលនឹងកើតដល់ឯងរាល់គ្នានៅជាន់ក្រោយ
2 ចូរប្រជុំគ្នាស្តាប់ចុះ ឱពួកកូនយ៉ាកុបអើយ ចូរស្តាប់អ៊ីស្រាអែលជាឪពុកនៃឯងរាល់គ្នា។
3 រូបេនអើយ ឯងជាកូនច្បង ជាឫទ្ធីហើយជាដើមកំឡាំងរបស់អញ ឯងមានកិត្តិយស មានឥទ្ធិឫទ្ធិយ៉ាងឯក
4 តែដែលរំពើកចុះឡើងដូចទឹក នោះឯងមិនបានស្ថិតស្ថេរនៅជាប់ទេ ពីព្រោះឯងបានឡើងទៅលើដំណាក់របស់ឪពុកឯង ហើយបានធ្វើឲ្យគ្រែអញទៅជាអាស្រូវ បារាយក្នុងកាលដែលឡើងទៅដេកនោះ។
5 ឯស៊ីម្មាន និងលេវីជាបងប្អូនគ្នា ដាវគេជាគ្រឿងសាហាវណាស់
6 ឱចិត្តអញអើយ កុំឲ្យចូលគំនិតនឹងគេ ឱកិត្តិយសរបស់អញអើយ កុំឲ្យចូលក្នុងជំនុំគេឡើយ ដ្បិតគេបានសំឡាប់មនុស្សដោយមោហោចិត្ត ហើយបានប្រហារអ្នកដែលជាកំពូលដោយអំណរចិត្តផង
7 សេចក្ដីកំហឹងរបស់គេត្រូវបណ្តាសា ដ្បិតជាខ្លាំងលើសលុប ហើយសេចក្ដីឃោរឃៅរបស់គេផង ពីព្រោះជាសាហាវក្រៃលែង អញនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយនឹងកំចាត់កំចាយគេនៅក្នុងពួកអ៊ីស្រាអែល។