លោកុប្បត្តិ 49:4-10 KHOV

4 តែ​ដែល​រំពើក​ចុះ​ឡើង​ដូច​ទឹក នោះ​ឯង​មិន​បាន​ស្ថិត‌ស្ថេរ​នៅ​ជាប់​ទេ ពី​ព្រោះ​ឯង​បាន​ឡើង​ទៅ​លើ​ដំណាក់​របស់​ឪពុក​ឯង ហើយ​បាន​ធ្វើ​ឲ្យ​គ្រែ​អញ​ទៅ​ជា​អាស្រូវ បារាយ​ក្នុង​កាល​ដែល​ឡើង​ទៅ​ដេក​នោះ។

5 ឯ​ស៊ីម្មាន និង​លេវី​ជា​បង​ប្អូន​គ្នា ដាវ​គេ​ជា​គ្រឿង​សាហាវ​ណាស់

6 ឱ​ចិត្ត​អញ​អើយ កុំ​ឲ្យ​ចូល​គំនិត​នឹង​គេ ឱ​កិត្តិយស​របស់​អញ​អើយ កុំ​ឲ្យ​ចូល​ក្នុង​ជំនុំ​គេ​ឡើយ ដ្បិត​គេ​បាន​សំឡាប់​មនុស្ស​ដោយ​មោហោ​ចិត្ត ហើយ​បាន​ប្រហារ​អ្នក​ដែល​ជា​កំពូល​ដោយ​អំណរ​ចិត្ត​ផង

7 សេចក្ដី​កំហឹង​របស់​គេ​ត្រូវ​បណ្តាសា ដ្បិត​ជា​ខ្លាំង​លើស​លុប ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​គេ​ផង ពី​ព្រោះ​ជា​សាហាវ​ក្រៃលែង អញ​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​នឹង​កំចាត់‌កំចាយ​គេ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។

8 យូដា​អើយ ពួក​បង​ប្អូន​ឯង​នឹង​សរសើរ​ឯង ដៃ​ឯង​នឹង​ចាប់​កញ្ចឹង‌ក​នៃ​ពួក​ខ្មាំង​សត្រូវ​ឯង ពួក​កូន​ឪពុក​ឯង​នឹង​ឱន​គោរព​ដល់​ឯង

9 យូដា​ជា​សិង្ហ​ស្ទាវ កូន​អើយ ឯង​បាន​ឡើង​មក​ពី​ស៊ី​រំពា វា​បាន​ក្រាប​ចុះ បាន​ដេក​ដូច​ជា​សិង្ហ ហើយ​ដូច​ជា​សិង្ហ​យ៉ាង​ខ្លាំង នោះ​តើ​អ្នក​ណា​ហ៊ាន​ដាស់​វា

10 ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ឬ​អំណាច​គ្រប់‌គ្រង​ពី​ជើង​វា​ឡើយ ដរាប​ដល់​ស៊ីឡូរ​បាន​មក​ដល់ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់