7 សេចក្ដីកំហឹងរបស់គេត្រូវបណ្តាសា ដ្បិតជាខ្លាំងលើសលុប ហើយសេចក្ដីឃោរឃៅរបស់គេផង ពីព្រោះជាសាហាវក្រៃលែង អញនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយនឹងកំចាត់កំចាយគេនៅក្នុងពួកអ៊ីស្រាអែល។
8 យូដាអើយ ពួកបងប្អូនឯងនឹងសរសើរឯង ដៃឯងនឹងចាប់កញ្ចឹងកនៃពួកខ្មាំងសត្រូវឯង ពួកកូនឪពុកឯងនឹងឱនគោរពដល់ឯង
9 យូដាជាសិង្ហស្ទាវ កូនអើយ ឯងបានឡើងមកពីស៊ីរំពា វាបានក្រាបចុះ បានដេកដូចជាសិង្ហ ហើយដូចជាសិង្ហយ៉ាងខ្លាំង នោះតើអ្នកណាហ៊ានដាស់វា
10 ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់
11 ទ្រង់នឹងចងកូនលាភ្ជាប់នឹងដើមទំពាំងបាយជូរ គឺជាកូនរបស់មេលាទ្រង់ភ្ជាប់នឹងដើមយ៉ាងល្អបំផុត ទ្រង់នឹងបោកព្រះពស្ត្រទ្រង់នឹងស្រាទំពាំងបាយជូរ ហើយព្រះពស្ត្រវែងទ្រង់ក្នុងទឹកទំពាំងបាយជូរ
12 ព្រះនេត្រទ្រង់នឹងបានក្រហមដូចស្រាទំពាំងបាយជូរ ហើយព្រះទន្តទ្រង់សដូចទឹកដោះ។
13 សាប់យូល៉ូននឹងនៅមាត់សមុទ្រ វានឹងបានជាមាត់កំពង់សំរាប់នាវា ហើយព្រំស្រុកវានឹងទល់នឹងស្រុកស៊ីដូន។