11 កាលពួកអ្នកស្រុកនោះ គឺពួកសាសន៍កាណានបានឃើញគេកាន់ទុក្ខនៅត្រង់លានស្រូវអ័ថាត់ដូច្នោះ នោះគេនិយាយថា នេះជាការកាន់ទុក្ខយ៉ាងខ្លាំងណាស់របស់ពួកសាសន៍អេស៊ីព្ទ បានជាគេហៅទីនោះថា អេបិល-មីសរ៉ែមដែលនៅខាងនាយទន្លេយ័រដាន់
12 ពួកកូនចៅយ៉ាកុប ក៏ធ្វើសំរេចដល់គាត់ ដូចជាគាត់បានផ្តាំទុក
13 គឺពួកកូនចៅបានដឹកសពគាត់ ទៅដល់ស្រុកកាណាន ហើយបញ្ចុះនៅក្នុងរអាង នាចំការម៉ាក់ពេឡា ខាងមុខម៉ាមរេដែលអ័ប្រាហាំបានទិញពីអេប្រុនជាសាសន៍ហេតជាមួយនឹងចំការនោះ ទុកជាទីកប់ខ្មោចរបស់ផងគាត់
14 រួចក្រោយដែលបានបញ្ចុះសពឪពុកហើយ នោះយ៉ូសែបត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ព្រមទាំងពួកបងប្អូន និងអស់អ្នកដែលបានឡើងទៅជាមួយ ដើម្បីនឹងបញ្ចុះសពឪពុកគាត់ផង។
15 កាលពួកបងរបស់យ៉ូសែបឃើញថា ឪពុកបានស្លាប់ហើយ នោះគេជំនុំគ្នាថា ប្រហែលជាយ៉ូសែបនឹងស្អប់យើងហើយ មុខជាវានឹងសងសឹកចំពោះយើងជាមិនខាន ដោយព្រោះគ្រប់ទាំងការអាក្រក់ដែលយើងបានធ្វើដល់វា
16 រួចគេចាត់ម្នាក់ ឲ្យទៅនិយាយនឹងយ៉ូសែបថា ឪពុកប្អូនបានផ្តាំទុកមុនដែលគាត់ស្លាប់ថា
17 ចូរឯងរាល់គ្នានិយាយនឹងយ៉ូសែបដូច្នេះថា សូមអត់ទោសសេចក្ដីរំលងនឹងអំពើបាបរបស់ពួកបងឥឡូវ ដ្បិតគេបានប្រព្រឹត្តអាក្រក់នឹងប្អូនទៅហើយ ដូច្នេះសូមអត់ទោសពួកអ្នកបំរើរបស់ព្រះនៃឪពុកប្អូនឥឡូវ កាលយ៉ូសែបបានឮសេចក្ដីដែលគេនិយាយ នោះក៏យំ