លោកុប្បត្តិ 50:13-19 KHOV

13 គឺ​ពួក​កូន​ចៅ​បាន​ដឹក​សព​គាត់ ទៅ​ដល់​ស្រុក​កាណាន ហើយ​បញ្ចុះ​នៅ​ក្នុង​រអាង នា​ចំការ​ម៉ាក់‌ពេឡា ខាង​មុខ​ម៉ាមរេដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​អេប្រុន​ជា​សាសន៍​ហេត​ជា​មួយ​នឹង​ចំការ​នោះ ទុក​ជា​ទី​កប់​ខ្មោច​របស់​ផង​គាត់

14 រួច​ក្រោយ​ដែល​បាន​បញ្ចុះ​សព​ឪពុក​ហើយ នោះ​យ៉ូសែប​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ព្រម​ទាំង​ពួក​បង​ប្អូន និង​អស់​អ្នក​ដែល​បាន​ឡើង​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ចុះ​សព​ឪពុក​គាត់​ផង។

15 កាល​ពួក​បង​របស់​យ៉ូសែប​ឃើញ​ថា ឪពុក​បាន​ស្លាប់​ហើយ នោះ​គេ​ជំនុំ​គ្នា​ថា ប្រហែល​ជា​យ៉ូសែប​នឹង​ស្អប់​យើង​ហើយ មុខ​ជា​វា​នឹង​សង‌សឹក​ចំពោះ​យើង​ជា​មិន​ខាន ដោយ​ព្រោះ​គ្រប់​ទាំង​ការ​អាក្រក់​ដែល​យើង​បាន​ធ្វើ​ដល់​វា

16 រួច​គេ​ចាត់​ម្នាក់ ឲ្យ​ទៅ​និយាយ​នឹង​យ៉ូសែប​ថា ឪពុក​ប្អូន​បាន​ផ្តាំ​ទុក​មុន​ដែល​គាត់​ស្លាប់​ថា

17 ចូរ​ឯង​រាល់​គ្នា​និយាយ​នឹង​យ៉ូសែប​ដូច្នេះ​ថា សូម​អត់​ទោស​សេចក្ដី​រំលង​នឹង​អំពើ​បាប​របស់​ពួក​បង​ឥឡូវ ដ្បិត​គេ​បាន​ប្រព្រឹត្ត​អាក្រក់​នឹង​ប្អូន​ទៅ​ហើយ ដូច្នេះ​សូម​អត់​ទោស​ពួក​អ្នក​បំរើ​របស់​ព្រះ​នៃ​ឪពុក​ប្អូន​ឥឡូវ កាល​យ៉ូសែប​បាន​ឮ​សេចក្ដី​ដែល​គេ​និយាយ នោះ​ក៏​យំ

18 ហើយ​ពួក​បង​គាត់​ក៏​ទៅ​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​គាត់​ដែរ ដោយ​ពាក្យ​ថា មើល យើង​ខ្ញុំ​ជា​អ្នក​បំរើ​ប្អូន

19 នោះ​យ៉ូសែប​ឆ្លើយ​តប​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​តើ​ខ្ញុំ​ជា​ព្រះ​ឬ​អី