2 កាលព្រះយេហូវ៉ាទ្រង់ចាប់ផ្តើមមានព្រះបន្ទូល ដោយសារហូសេជាមុនដំបូង នោះទ្រង់មានព្រះបន្ទូលប្រាប់គាត់ថា ចូរឯងទៅយកស្រីដែលធ្លាប់ប្រព្រឹត្តជាសំផឹង នាំមកនៅជាមួយគ្នា ហើយបង្កើតកូនសហាយចុះ ដ្បិតស្រុកនេះតែងប្រព្រឹត្តការកំផិត ចេញពីព្រះយេហូវ៉ាយ៉ាងខ្លាំង
3 ដូច្នេះ លោកក៏ទៅយកនាងកូមើរ ជាកូនឌីប្លែម ហើយនាងមានទំងន់បង្កើតបានកូនប្រុស១ឲ្យលោក
4 ព្រះយេហូវ៉ាទ្រង់បង្គាប់លោកថា ចូរឲ្យឈ្មោះថា «យេសរាល»ទៅ ដ្បិតនៅតែបន្តិចទៀត អញនឹងសងសឹកដល់ពួកវង្សយេហ៊ូវដោយព្រោះឈាមយេសរាលនោះហើយ ក៏នឹងធ្វើឲ្យរាជ្យនៃពួកវង្សអ៊ីស្រាអែលផុតទៅដែរ
5 នៅគ្រានោះ អញនឹងបំបាក់ធ្នូរបស់ពួកអ៊ីស្រាអែល នៅក្នុងច្រកភ្នំយេសរាល
6 នាងមានទំងន់ម្តងទៀត ហើយបង្កើតបានកូនស្រី១ នោះព្រះទ្រង់បង្គាប់លោកថា ចូរឲ្យឈ្មោះថា «ឡូ-រូហាម៉ា»ចុះដ្បិតអញនឹងមិនអាណិតមេត្តា ដល់ជំនួរវង្សអ៊ីស្រាអែល ដើម្បីនឹងអត់ទោសដល់គេតទៅទៀតឡើយ
7 តែអញនឹងអាណិតមេត្តាដល់ពួកវង្សយូដា ហើយនឹងជួយសង្គ្រោះគេមិនមែនដោយធ្នូ ដាវ ការតស៊ូ សេះ ឬពលសេះទេ គឺនឹងជួយសង្គ្រោះគេ ដោយសារព្រះយេហូវ៉ា ជាព្រះនៃគេវិញ
8 រីឯកាលនាងបានផ្តាច់ដោះឡូ-រូហាម៉ាហើយ នាងក៏មានទំងន់ទៀតបង្កើតបានកូនប្រុស១