1 អេប្រាអិមតែងឡោមព័ទ្ធអញ ដោយសេចក្ដីភូតភរ ហើយពួកវង្សអ៊ីស្រាអែល ដោយសេចក្ដីឆរបោកដែរ ឯយូដា គេនៅតែមានអំណាចចំពោះព្រះនៅឡើយ ក៏ស្មោះត្រង់ចំពោះព្រះដ៏បរិសុទ្ធដែរ
2 អេប្រាអិមចិញ្ចឹមខ្លួនដោយខ្យល់ទទេ ក៏ដេញតាមខ្យល់ពីទិសខាងកើត គេចំរើនសេចក្ដីភូតភរ និងការខូចបង់ជានិច្ច គេតាំងសញ្ញានឹងស្រុកអាសស៊ើរ ហើយបញ្ជូនប្រេងទៅឯស្រុកអេស៊ីព្ទ
3 ព្រះយេហូវ៉ាទ្រង់មានរឿងនឹងយូដាដែរ ក៏នឹងធ្វើទោសដល់យ៉ាកុបតាមអំពើប្រព្រឹត្តរបស់គេ ព្រមទាំងសងគេតាមកិរិយារបស់គេផង
4 កាលនៅក្នុងផ្ទៃនៅឡើយ នោះយ៉ាកុបបានចាប់កែងជើងរបស់បង លុះកាលមានវ័យពេញកំឡាំងហើយ នោះក៏មានអំណាចនៅចំពោះព្រះដែរ
5 អើ ក៏មានអំណាចលើទេវតា ហើយលោកបានឈ្នះផងលោកបានយំ ហើយអង្វរដល់ទ្រង់ ក៏ប្រទះឃើញនៅត្រង់បេត-អែល នៅទីនោះទ្រង់ក៏មានព្រះបន្ទូលមកយើងរាល់គ្នា
6 គឺព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ «យេហូវ៉ា»នេះ ជានាមដ៏ជាទីរំឭកពីទ្រង់