ហូសេ 12:7-13 KHOV

7 ដូច្នេះ ចូរ​វិល​មក​ឯ​ព្រះ​នៃ​ឯង​វិញ​ចុះ ចូរ​កាន់​តាម​សេចក្ដី​សប្បុរស និង​សេចក្ដី​យុត្តិ‌ធម៌ ព្រម​ទាំង​រង់‌ចាំ​ព្រះ​នៃ​ឯង​ជានិច្ច​ផង។

8 ពួក​ឈ្នួញ​ទេ​តើ​ហ្ន៎ មាន​ជញ្ជីង​មិន​ត្រឹម‌ត្រូវ​កាន់​នៅ​ដៃ ក៏​ចូល​ចិត្ត​នឹង​ការ​កេង​បំបាត់​ផង

9 អេប្រា‌អិម​ពោល​ថា អញ​បាន​ត្រឡប់​ជា​អ្នក​មាន​ស្តុក‌ស្តម្ភ​ហើយ អញ​រក​បាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន តែ​ក្នុង​ការ​ទាំង​ប៉ុន្មាន​របស់​អញ នោះ​នឹង​ឥត​មាន​អ្នក​ណា​ឃើញ​អំពើ​ទុច្ចរិត ឬ​អំពើ​បាប​ណា​ឡើយ

10 ប៉ុន្តែ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ចាប់​តាំង​ពី​នៅ​ស្រុក​អេស៊ីព្ទ​មក អញ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​នៅ​ក្នុង​បារាំ​ម្តង​ទៀត ដូច​នៅ​គ្រា​បុណ្យ​មុត‌មាំ

11 អញ​បាន​និយាយ​ដោយ‌សារ​ពួក​ហោរា ហើយ​បាន​ចំរើន​ការ​ជាក់‌ស្តែង​ឡើង ក៏​បាន​ប្រើ​សេចក្ដី​ប្រៀប‌ធៀប ដោយ‌សារ​ដៃ​នៃ​ពួក​ហោរា​ដែរ

12 ឯ​ស្រុក​កាឡាត​គេ​អាក្រក់​ទទេ ក៏​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទាំង​អស់ នៅ​ត្រង់​គីលកាល គេ​ថ្វាយ​គោ​ជា​យញ្ញ‌បូជា អស់​ទាំង​អាសនា​របស់​គេ ប្រៀប​ដូច​ជា​ដុំ​ដី នៅ​ក្នុង​គន្លង​ស្រែ​ចំការ

13 ចំណែក​ឯ​យ៉ាកុប​លោក​បាន​រត់​ទៅ​ដល់​ស្រុក​អើរ៉ាម អ៊ីស្រា‌អែល​បាន​បំរើ​គេ ឲ្យ​បាន​ប្រពន្ធ គឺ​បាន​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​ហ្វូង​ចៀម​ឲ្យ​បាន​ប្រពន្ធ​នោះ