1 ឱអ៊ីស្រាអែលអើយ ចូរវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងវិញចុះ ដ្បិតឯងបានភ្លាត់ដួលទៅ ដោយអំពើទុច្ចរិតរបស់ឯង
2 ចូរប្រុងប្រៀបពាក្យសំដី ហើយវិលមកឯព្រះយេហូវ៉ាចុះ ត្រូវឲ្យទូលដល់ទ្រង់ថា សូមលើកអស់ទាំងអំពើទុច្ចរិតចោលចេញ ហើយទទួលយើងខ្ញុំដោយព្រះគុណ យ៉ាងនោះ យើងខ្ញុំនឹងថ្វាយដង្វាយនៃបបូរមាត់យើងខ្ញុំ ជំនួសគោឈ្មោលដែលសំរាប់យញ្ញបូជា
3 ស្រុកអាសស៊ើរនឹងជួយសង្គ្រោះយើងខ្ញុំមិនបាន យើងខ្ញុំមិនព្រមជិះសេះទេ ក៏មិនពោលដល់ស្នាដៃរបស់យើងខ្ញុំទៀតថា លោកជាព្រះនៃខ្ញុំដែរ ដ្បិតនៅក្នុងទ្រង់ ទើបពួកកូនកំព្រារកបានសេចក្ដីមេត្តាករុណាវិញ។
4 អញនឹងកែការរាថយរបស់គេឲ្យជា ហើយអញនឹងស្រឡាញ់គេស្ម័គ្រពីចិត្ត ដ្បិតសេចក្ដីកំហឹងរបស់អញបានបែរចេញពីគេហើយ
5 អញនឹងបានដូចទឹកសន្សើមដល់អ៊ីស្រាអែល គេនឹងផ្កាឡើងដូចជាផ្កាច័ន្ធូ ហើយចាក់ឫសទៅ ដូចជាព្រៃល្បាណូន
6 មែកគេនឹងត្រសាយចេញទៅ ឯលំអរបស់គេ នឹងបានដូចជាដើមអូលីវ ហើយនឹងមានក្លិន ដូចជាព្រៃល្បាណូន
7 ពួកអ្នកដែលធ្លាប់នៅក្រោមម្លប់ គេនឹងវិលមកវិញ ហើយនឹងលាស់ឡើងថ្មី ដូចជាសំទូង ព្រមទាំងចេញផ្កា ដូចជាដើមទំពាំងបាយជូរដែលមានក្លិនដូចជាស្រាទំពាំងបាយជូរ មកពីភ្នំល្បាណូន