13 អញនឹងទំលាក់អស់ទាំងថ្ងៃ ដែលនាងបានដុតកំញានថ្វាយដល់ព្រះបាលទៅលើនាងវិញ គឺជាពេលដែលនាងបានធ្លាប់តែងខ្លួន ដោយទំហូ និងគ្រឿងលំអរផ្សេងៗរបស់នាង ទៅតាមសហាយទាំងភ្លេចអញផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
14 ដោយហេតុនោះ មើល អញនឹងប្រលោមនាំនាងទៅឯទីរហោស្ថាន ហើយនិយាយសំរបចិត្តនាង
15 នៅទីនោះ អញនឹងប្រគល់ចំការទំពាំងបាយជូររបស់នាងដល់នាងវិញ ព្រមទាំងច្រកភ្នំអាកោរ ទុកជាទ្វារនៃទីសង្ឃឹម ហើយនៅទីនោះនាងនឹងឆ្លើយតបដល់អញ ដូចកាលនៅវ័យក្មេង និងដូចនៅថ្ងៃដែលឡើងចេញពីស្រុកអេស៊ីព្ទមក
16 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះនាងនឹងហៅអញថា «អ្នកប្ដី»អើយ មិនមែនហៅថា «លោកម្ចាស់»ទៀតឡើយ
17 ដ្បិតអញនឹងដកអស់ទាំងឈ្មោះនៃព្រះបាលចេញពីមាត់នាង នោះអញនឹងលែងនឹកដើមពីឈ្មោះព្រះទាំងនោះទៀត
18 នៅថ្ងៃនោះ អញក៏នឹងតាំងសញ្ញាឲ្យគេ ជាមួយនឹងសត្វនៅផែនដី និងសត្វហើរលើអាកាស ហើយសត្វលូនវានៅដីផង អញនឹងបំបាក់ធ្នូ និងដាវ ធ្វើឲ្យការសង្គ្រាមបាត់ចេញពីស្រុកទៅ ឲ្យគេបានដេកទៅដោយសុខសាន្ត
19 នោះអញនឹងដណ្តឹងនាងសំរាប់អញ ទុកជាដរាបតទៅ អើ អញនឹងដណ្តឹងនាងសំរាប់អញ ដោយសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ សេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា