4 អើ អញនឹងមិនអាណិតមេត្តាដល់ទាំងកូននាងដែរ ពីព្រោះវាសុទ្ធតែជាកូនសហាយ
5 ដ្បិតម្តាយវាបានប្រព្រឹត្តការកំផិត គឺអ្នកដែលបានឲ្យវាកើតឡើង បានប្រព្រឹត្តអំពើគួរខ្មាសហើយ ដ្បិតនាងបានថា អញនឹងទៅតាមពួកសហាយអញ ជាអ្នកដែលតែងឲ្យនំបុ័ង និងទឹកមកអញ ព្រមទាំងរោមចៀម ខ្លូតទេស ប្រេង និងគ្រឿងផឹកផង
6 ដូច្នេះមើល អញនឹងស្រាស់ផ្លូវនាងដោយបន្លា ហើយធ្វើកំផែងផង ដើម្បីមិនឲ្យនាងស្គាល់ផ្លូវខ្លួនទៀត
7 នាងនឹងទៅតាមពួកសហាយរបស់ខ្លួន តែនឹងមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ នោះនាងនឹងសំរេចថាអញនឹងវិលទៅឯប្ដីដើមវិញ ដ្បិតនៅគ្រាមុននោះ អញបានស្រួលជាងសព្វថ្ងៃនេះ។
8 នាងមិនបានដឹងថា គឺអញនេះដែលតែងតែឲ្យស្រូវ ទឹកទំពាំងបាយជូរ និងប្រេងដល់នាង ព្រមទាំងចំរើនប្រាក់ និងមាសដល់នាង ដែលគេបានប្រើសំរាប់គោរពដល់ព្រះបាលនោះផងទេ
9 ដូច្នេះ អញនឹងដកយកស្រូវរបស់អញនៅរដូវចំរូត និងទឹកទំពាំងបាយជូររបស់អញមកវិញនៅក្នុងរដូវបេះផ្លែ ហើយអញនឹងកញ្ឆក់យករោមចៀម និងខ្លូតទេសរបស់អញ ដែលសំរាប់ហ៊ុំហកេរ្តិ៍ខ្មាសនាងមកវិញដែរ
10 ឥឡូវនេះអញនឹងបើកសេចក្ដីអាម៉ាស់ខ្មាសនាងឲ្យពួកសហាយនាងបានឃើញ ឥតមានអ្នកណាដោះនាងឲ្យរួចពីកណ្តាប់ដៃអញបានឡើយ