9 ដូច្នេះ អញនឹងដកយកស្រូវរបស់អញនៅរដូវចំរូត និងទឹកទំពាំងបាយជូររបស់អញមកវិញនៅក្នុងរដូវបេះផ្លែ ហើយអញនឹងកញ្ឆក់យករោមចៀម និងខ្លូតទេសរបស់អញ ដែលសំរាប់ហ៊ុំហកេរ្តិ៍ខ្មាសនាងមកវិញដែរ
10 ឥឡូវនេះអញនឹងបើកសេចក្ដីអាម៉ាស់ខ្មាសនាងឲ្យពួកសហាយនាងបានឃើញ ឥតមានអ្នកណាដោះនាងឲ្យរួចពីកណ្តាប់ដៃអញបានឡើយ
11 ក៏នឹងបំបាត់សណ្ឋានរីករាយរបស់នាង ព្រមទាំងបុណ្យសម្ពោទ្យ បុណ្យថ្ងៃចូលខែ ថ្ងៃឈប់សំរាក ហើយអស់ទាំងជំនុំមុតមាំរបស់នាងផង
12 អញនឹងបំផ្លាញដើមទំពាំងបាយជូរ និងដើមល្វារបស់នាង ដែលនាងធ្លាប់ពោលថា របស់ទាំងនេះជាឈ្នួលដែលសហាយនាងបានឲ្យ តែអញនឹងធ្វើឲ្យត្រឡប់ទៅជាព្រៃវិញ ឯសត្វព្រៃនឹងស៊ីអស់ទៅ
13 អញនឹងទំលាក់អស់ទាំងថ្ងៃ ដែលនាងបានដុតកំញានថ្វាយដល់ព្រះបាលទៅលើនាងវិញ គឺជាពេលដែលនាងបានធ្លាប់តែងខ្លួន ដោយទំហូ និងគ្រឿងលំអរផ្សេងៗរបស់នាង ទៅតាមសហាយទាំងភ្លេចអញផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
14 ដោយហេតុនោះ មើល អញនឹងប្រលោមនាំនាងទៅឯទីរហោស្ថាន ហើយនិយាយសំរបចិត្តនាង
15 នៅទីនោះ អញនឹងប្រគល់ចំការទំពាំងបាយជូររបស់នាងដល់នាងវិញ ព្រមទាំងច្រកភ្នំអាកោរ ទុកជាទ្វារនៃទីសង្ឃឹម ហើយនៅទីនោះនាងនឹងឆ្លើយតបដល់អញ ដូចកាលនៅវ័យក្មេង និងដូចនៅថ្ងៃដែលឡើងចេញពីស្រុកអេស៊ីព្ទមក