13 គេថ្វាយយញ្ញបូជានៅលើកំពូលភ្នំទាំងប៉ុន្មាន ក៏ដុតកំញាននៅលើភ្នំតូច នៅក្រោមដើមម៉ៃសាក់ ដើមរលួស និងដើមពោធិ៍ទាំងអស់ដែរ ពីព្រោះដើមទាំងនោះមានម្លប់ល្អ គឺហេតុនោះបានជាកូនស្រីរបស់ឯងរាល់គ្នាបានកន្លងបវេណី ហើយអស់ទាំងប្រពន្ធថ្មោងថ្មីក្នុងពួកឯងរាល់គ្នាក៏ប្រព្រឹត្តកំផិតដែរ
14 អញនឹងមិនធ្វើទោសដល់កូនស្រីរបស់ឯង ក្នុងកាលដែលប្រព្រឹត្តកន្លងបវេណី ឬដល់ប្រពន្ធថ្មោងថ្មី ក្នុងកាលដែលប្រព្រឹត្តកំផិតនោះទេ ដ្បិតពួកប្រុសៗក៏ដកខ្លួនទៅដោយឡែក ជាមួយនឹងពួកសំផឹងដែរ គេថ្វាយយញ្ញបូជាជាមួយនឹងពួកកំផិត ដូច្នេះ ជនទាំងឡាយដែលឥតមានយោបល់នេះ គេនឹងត្រូវវិនាសបង់។
15 ឱអ៊ីស្រាអែលអើយ ទោះបើឯងប្រព្រឹត្តការកំផិតក៏មែនហើយ ប៉ុន្តែមិនត្រូវឲ្យយូដាទៅជាមានទោសឡើយ កុំឲ្យឯងឡើងមកឯគីលកាល ក៏កុំឲ្យឯងឡើងទៅឯបេត-អាវេន ឬស្បថថា «ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ»នោះដែរ
16 ដ្បិតអ៊ីស្រាអែលបានប្រព្រឹត្តដោយរឹងចចេស ដូចជាគោក្រមុំក្រាញ ឥឡូវនេះ តើព្រះយេហូវ៉ាទ្រង់ត្រូវឃ្វាលគេ ដូចជាកូនចៀម នៅទីវាលធំទូលាយឬអី
17 ឯអេប្រាអិមវាភ្ជាប់ខ្លួនតាមរូបព្រះហើយ តាមតែវាចុះ
18 គ្រឿងផឹករបស់គេបានទៅជាជួរហើយ គេប្រព្រឹត្តសេចក្ដីកំផិតជានិច្ច ឯពួកគ្រប់គ្រងលើគេក៏គាប់ចិត្តចំពោះតែអំពើគួរខ្មាស
19 ខ្យល់បានក្តោបគេដោយស្លាប គេនឹងត្រូវមានសេចក្ដីខ្មាស ដោយព្រោះយញ្ញបូជាទាំងប៉ុន្មានរបស់ខ្លួន។