3 អញស្គាល់អេប្រាអិមហើយ ឯអ៊ីស្រាអែលក៏មិនកំបាំងពីអញដែរ ដ្បិតឥឡូវនេះ ឱអេប្រាអិមអើយ ឯងបានប្រព្រឹត្តសេចក្ដីកំផិត ហើយអ៊ីស្រាអែលក៏ស្មោកគ្រោកដូចគ្នា
4 ការប្រព្រឹត្តរបស់គេមិនបើកឲ្យគេវិលមកឯព្រះនៃគេវិញបានទេ ដ្បិតនិស្ស័យកំផិតនៅក្នុងគេហើយ គេមិនបានស្គាល់ព្រះយេហូវ៉ាសោះ
5 សេចក្ដីអំនួតរបស់ពួកអ៊ីស្រាអែលតែងធ្វើបន្ទាល់ទាស់នឹងគេ ហេតុនោះបានជាអ៊ីស្រាអែល ហើយអេប្រាអិម នឹងត្រូវចំពប់ដួលចុះក្នុងអំពើទុច្ចរិតរបស់ខ្លួន ឯយូដាក៏នឹងចំពប់ដួលចុះជាមួយនឹងគេដែរ
6 គេនឹងនាំទាំងហ្វូងសត្វធំតូច ទៅស្វែងរកព្រះយេហូវ៉ា តែនឹងមិនប្រទះឃើញទ្រង់ទេ ដ្បិតទ្រង់បានថយចេញពីគេហើយ
7 គេបានប្រព្រឹត្តការកំបត់ចំពោះព្រះយេហូវ៉ា ដ្បិតគេបានបង្កើតកូនកំផិតឡើង ដូច្នេះ ដល់ចូលខែថ្មី គេនឹងត្រូវវិនាសទៅ ព្រមទាំងស្រែចំការរបស់គេផង។
8 ចូរផ្លុំស្នែង នៅត្រង់គីបៀរ ហើយផ្លុំត្រែនៅត្រង់រ៉ាម៉ាចុះ ចូរធ្វើសូរជាគ្រឿងសំគាល់ឡើងនៅត្រង់បេត-អាវេនថា ឱបេនយ៉ាមីនអើយ ន៍ គេមកខាងក្រោយឯងហើយ
9 នៅថ្ងៃដែលត្រូវបន្ទោសនោះ អេប្រាអិមនឹងត្រឡប់ទៅជាទីខូចបង់ នៅកណ្តាលអស់ទាំងពូជអំបូរនៃអ៊ីស្រាអែល អញបានឲ្យដឹងដំណឹងពីការដែលត្រូវកើតមកជាមិនខាន