១ របាក្សត្រ 11:1-5 KHOV

1 គ្រា​នោះ សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ប្រមូល​គ្នា​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ទូល​ថា មើល​យើង​ខ្ញុំ​រាល់​គ្នា​ជា​សាច់​ឈាម​ជា​មួយ​នឹង​លោក

2 កាល​ពី​ដើម​ដែល​សូល​ធ្វើ​ជា​ស្តេច​នៅ​ឡើយ នោះ​គឺ​លោក​ហើយ ដែល​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ចូល ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដល់​លោក​ថា គឺ​ឯង​ហើយ ដែល​ត្រូវ​ឃ្វាល​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​ធ្វើ​ជា​អ្នក​នាំ​មុខ​នៃ​រាស្ត្រ​អញ​ផង

3 គឺ​យ៉ាង​នោះ ដែល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មក​ឯ​ស្តេច នៅ​ក្រុង​ហេប្រុន ហើយ​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ក្រុង​ហេប្រុន រួច​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ‌សារ​សាំយូ‌អែល។

4 លំដាប់​នោះ ដាវីឌ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម (គឺ​ជា​ក្រុង​យេប៊ូស) ឯ​ពួក​សាសន៍​យេប៊ូស ជា​ពួក​អ្នក​របស់​ស្រុក​នោះ ក៏​នៅ​ទី​ក្រុង​នោះ​នៅ​ឡើយ

5 ហើយ​ពួក​អ្នក​ក្រុង​យេប៊ូស គេ​ស្តី​ដល់​ដាវីឌ​ថា ឯង​នឹង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ ប៉ុន្តែ ដាវីឌ​វាយ​ចាប់​យក​ទី​មាំ‌មួន​ស៊ីយ៉ូន​បាន នោះ​គឺ​ជា​ក្រុង​របស់​ដាវីឌ