១ របាក្សត្រ 11:15-21 KHOV

15 ក៏​មាន​៣​នាក់​ក្នុង​ពួក​ប្រធាន​ទាំង​៣០​នាក់​នោះ គេ​បាន​ចុះ​ទៅ​ដាវីឌ​ត្រង់​ថ្មដា ក្នុង​រអាង​អាឌូឡាម នៅ​គ្រា​នោះ ពួក​ភីលីស្ទីន​បាន​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​រេផែម

16 ហើយ​ដាវីឌ​ទ្រង់​គង់​នៅ​ក្នុង​ទី​មាំ‌មួន ឯ​ពួក​ភីលីស្ទីន គេ​មាន​ទ័ព​១​កង​រក្សា​ស្រុក នៅ​ឯ​ក្រុង​បេថ្លេ‌ហិម

17 ចំណែក​ដាវីឌ ទ្រង់​នឹក‌កន្លេង​ក្នុង​ព្រះ‌ទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា ឱ​បើ​សិន​ជា​មាន​អ្នក​ណា​យក​ទឹក​ពី​អណ្តូង ដែល​នៅ​មាត់​ទ្វារ​ក្រុង​បេថ្លេ‌ហិម​មក ឲ្យ​អញ​ផឹក​ទៅ​អេះ

18 រួច​អ្នក​ទាំង​៣​នោះ​ក៏​បំបែក​ពួក​ទ័ព​ភីលីស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ក្រុង​បេថ្លេ‌ហិម​នោះ នាំ​យក​មក​ថ្វាយ​ដល់​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ព្រះ‌យេហូវ៉ា​វិញ

19 ដោយ​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​ព្រះ​នៃ​ទូល‌បង្គំ​ឃាត់​មិន​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដូច្នោះ​ឡើយ តើ​ទូល‌បង្គំ​នឹង​ផឹក​ឈាម​របស់​មនុស្ស​ទាំង​នេះ ដែល​បាន​ប្រថុយ​ជីវិត​យ៉ាង​នេះ​ឬ​អី ដ្បិត​គេ​បាន​យក​ទឹក​នេះ​មក ដោយ​ប្រថុយ​ជីវិត​របស់​គេ​ពិត ហេតុ​នោះ​បាន​ជា​ទ្រង់​មិន​ព្រម​សោយ​ឡើយ គឺ​ការ​យ៉ាង​នោះ​ឯង ដែល​មនុស្ស​ខ្លាំង​ពូកែ​ទាំង​៣​នាក់​នោះ​បាន​ធ្វើ

20 ឯ​អ័ប៊ី‌សាយ ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​៣​នាក់​នោះ ពី​ព្រោះ​លោក​បាន​ពួយ​លំពែង​សំឡាប់​មនុស្ស​៣០០​នាក់ ហើយ​មាន​ល្បី​ឈ្មោះ​ក្នុង​ពួក​៣​នាក់​នោះ

21 ក្នុង​ពួក​៣​នាក់​នោះ គេ​រាប់​អាន​លោក​ជា​ជាង​២​នាក់​ឯ​ទៀត ហើយ​ក៏​តាំង​ឡើង​ធ្វើ​ជា​មេ​លើ​គេ ប៉ុន្តែ លោក​មិន​ដល់​ពួក​៣​នាក់​ខាង​ដើម​នោះ​ទេ។