17 ចំណែកដាវីឌ ទ្រង់នឹកកន្លេងក្នុងព្រះទ័យ ហើយមានព្រះបន្ទូលថា ឱបើសិនជាមានអ្នកណាយកទឹកពីអណ្តូង ដែលនៅមាត់ទ្វារក្រុងបេថ្លេហិមមក ឲ្យអញផឹកទៅអេះ
18 រួចអ្នកទាំង៣នោះក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកពីអណ្តូងនៅមាត់ទ្វារក្រុងបេថ្លេហិមនោះ នាំយកមកថ្វាយដល់ដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយព្រះយេហូវ៉ាវិញ
19 ដោយព្រះបន្ទូលថា សូមឲ្យព្រះនៃទូលបង្គំឃាត់មិនឲ្យទូលបង្គំធ្វើដូច្នោះឡើយ តើទូលបង្គំនឹងផឹកឈាមរបស់មនុស្សទាំងនេះ ដែលបានប្រថុយជីវិតយ៉ាងនេះឬអី ដ្បិតគេបានយកទឹកនេះមក ដោយប្រថុយជីវិតរបស់គេពិត ហេតុនោះបានជាទ្រង់មិនព្រមសោយឡើយ គឺការយ៉ាងនោះឯង ដែលមនុស្សខ្លាំងពូកែទាំង៣នាក់នោះបានធ្វើ
20 ឯអ័ប៊ីសាយ ប្អូនយ៉ូអាប់ ជាកូនសេរូយ៉ា លោកជាមេលើអ្នកទាំង៣នាក់នោះ ពីព្រោះលោកបានពួយលំពែងសំឡាប់មនុស្ស៣០០នាក់ ហើយមានល្បីឈ្មោះក្នុងពួក៣នាក់នោះ
21 ក្នុងពួក៣នាក់នោះ គេរាប់អានលោកជាជាង២នាក់ឯទៀត ហើយក៏តាំងឡើងធ្វើជាមេលើគេ ប៉ុន្តែ លោកមិនដល់ពួក៣នាក់ខាងដើមនោះទេ។
22 ឯបេណាយ៉ា ជាកូនយេហូយ៉ាដា ដែលជាកូនរបស់អ្នកខ្លាំងពូកែម្នាក់ នៅក្រុងកាបសៀល លោកជាអ្នកដែលបានធ្វើការយ៉ាងពូកែ លោកបានសំឡាប់កូនទាំង២របស់អ័រាល ជាសាសន៍ម៉ូអាប់ ហើយក៏ចុះទៅក្នុងរណ្តៅសំឡាប់សត្វសិង្ហ១ នៅថ្ងៃមានហិមៈ
23 ក៏សំឡាប់សាសន៍អេស៊ីព្ទម្នាក់ ជាមនុស្សធំសំបើមកំពស់៥ហត្ថ សាសន៍អេស៊ីព្ទនោះកាន់លំពែង១ប៉ុនផ្សំដំបាញ តែលោកចុះទៅឯវា កាន់តែដំបងទេ ក៏កន្ត្រាក់យកលំពែងពីដៃរបស់មនុស្សសាសន៍អេស៊ីព្ទនោះ រួចចាក់សំឡាប់ដោយលំពែងរបស់វាទៅ