១ របាក្សត្រ 11:18-24 KHOV

18 រួច​អ្នក​ទាំង​៣​នោះ​ក៏​បំបែក​ពួក​ទ័ព​ភីលីស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ក្រុង​បេថ្លេ‌ហិម​នោះ នាំ​យក​មក​ថ្វាយ​ដល់​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ព្រះ‌យេហូវ៉ា​វិញ

19 ដោយ​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​ព្រះ​នៃ​ទូល‌បង្គំ​ឃាត់​មិន​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដូច្នោះ​ឡើយ តើ​ទូល‌បង្គំ​នឹង​ផឹក​ឈាម​របស់​មនុស្ស​ទាំង​នេះ ដែល​បាន​ប្រថុយ​ជីវិត​យ៉ាង​នេះ​ឬ​អី ដ្បិត​គេ​បាន​យក​ទឹក​នេះ​មក ដោយ​ប្រថុយ​ជីវិត​របស់​គេ​ពិត ហេតុ​នោះ​បាន​ជា​ទ្រង់​មិន​ព្រម​សោយ​ឡើយ គឺ​ការ​យ៉ាង​នោះ​ឯង ដែល​មនុស្ស​ខ្លាំង​ពូកែ​ទាំង​៣​នាក់​នោះ​បាន​ធ្វើ

20 ឯ​អ័ប៊ី‌សាយ ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​៣​នាក់​នោះ ពី​ព្រោះ​លោក​បាន​ពួយ​លំពែង​សំឡាប់​មនុស្ស​៣០០​នាក់ ហើយ​មាន​ល្បី​ឈ្មោះ​ក្នុង​ពួក​៣​នាក់​នោះ

21 ក្នុង​ពួក​៣​នាក់​នោះ គេ​រាប់​អាន​លោក​ជា​ជាង​២​នាក់​ឯ​ទៀត ហើយ​ក៏​តាំង​ឡើង​ធ្វើ​ជា​មេ​លើ​គេ ប៉ុន្តែ លោក​មិន​ដល់​ពួក​៣​នាក់​ខាង​ដើម​នោះ​ទេ។

22 ឯ​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ដែល​ជា​កូន​របស់​អ្នក​ខ្លាំង​ពូកែ​ម្នាក់ នៅ​ក្រុង​កាប‌សៀល លោក​ជា​អ្នក​ដែល​បាន​ធ្វើ​ការ​យ៉ាង​ពូកែ លោក​បាន​សំឡាប់​កូន​ទាំង​២​របស់​អ័រាល ជា​សាសន៍​ម៉ូអាប់ ហើយ​ក៏​ចុះ​ទៅ​ក្នុង​រណ្តៅ​សំឡាប់​សត្វ​សិង្ហ​១ នៅ​ថ្ងៃ​មាន​ហិមៈ

23 ក៏​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់ ជា​មនុស្ស​ធំ​សំបើម​កំពស់​៥​ហត្ថ សាសន៍​អេស៊ីព្ទ​នោះ​កាន់​លំពែង​១​ប៉ុន​ផ្សំ​ដំបាញ តែ​លោក​ចុះ​ទៅ​ឯ​វា កាន់​តែ​ដំបង​ទេ ក៏​កន្ត្រាក់​យក​លំពែង​ពី​ដៃ​របស់​មនុស្ស​សាសន៍​អេស៊ីព្ទ​នោះ រួច​ចាក់​សំឡាប់​ដោយ​លំពែង​របស់​វា​ទៅ

24 គឺ​ការ​យ៉ាង​នោះ​ដែល​បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា​បាន​ធ្វើ ហើយ​មាន​ល្បី​ឈ្មោះ​នៅ​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣​នាក់​នោះ