5 ហើយពួកអ្នកក្រុងយេប៊ូស គេស្តីដល់ដាវីឌថា ឯងនឹងចូលមកក្នុងទីនេះមិនបានឡើយ ប៉ុន្តែ ដាវីឌវាយចាប់យកទីមាំមួនស៊ីយ៉ូនបាន នោះគឺជាក្រុងរបស់ដាវីឌ
6 រួចទ្រង់មានព្រះបន្ទូលថា អ្នកណាដែលវាយពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាអ្នកមុខ ហើយជាមេទ័ពធំ ដូច្នេះ យ៉ូអាប់ ជាកូនសេរូយ៉ា ក៏ឡើងទៅជាមុនគេ ហើយបានតាំងឡើងឲ្យធ្វើជាមេទ័ព
7 ឯដាវីឌទ្រង់គង់នៅក្នុងទីមាំមួន ហេតុនោះបានជាគេហៅទីនោះថា ក្រុងដាវីឌ
8 ទ្រង់ក៏សង់ទីក្រុងនោះឡើងនៅជុំវិញ ចាប់តាំងពីប៉មមីឡូរព័ទ្ធជុំវិញ ហើយយ៉ូអាប់លោកក៏ជួសជុលទីក្រុងត្រង់កន្លែងឯទៀត
9 ចំណែកដាវីឌ បានកាន់តែថ្កុំថ្កើងឡើង ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ក៏គង់ជាមួយ។
10 រីឯពួកប្រធាន ក្នុងពួកខ្លាំងពូកែរបស់ដាវីឌ ដែលកាន់ខ្ជាប់ខាងទ្រង់ ជាមួយនឹងពួកអ៊ីស្រាអែលទាំងអស់ដើម្បីនឹងតាំងនគរឡើង តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ពីដំណើរសាសន៍អ៊ីស្រាអែល
11 ឯពួកអ្នកខ្លាំងពូកែរបស់ដាវីឌ នោះបានរាប់ដូចជាមានឈ្មោះខាងក្រោមនេះស្រាប់ គឺយ៉ាសុបៀម ជាកូនរបស់ពួកហាក់ម៉ូនីម្នាក់ លោកជាមេលើពួក៣០នាក់ ហើយបានពួយលំពែង សំឡាប់មនុស្ស៣០០នាក់តែ១គ្រា