១ របាក្សត្រ 11:9-15 KHOV

9 ចំណែក​ដាវីឌ បាន​កាន់​តែ​ថ្កុំ‌ថ្កើង​ឡើង ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ក៏​គង់​ជា​មួយ។

10 រីឯ​ពួក​ប្រធាន ក្នុង​ពួក​ខ្លាំង​ពូកែ​របស់​ដាវីឌ ដែល​កាន់​ខ្ជាប់​ខាង​ទ្រង់ ជា​មួយ​នឹង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ដើម្បី​នឹង​តាំង​នគរ​ឡើង តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល

11 ឯ​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ដាវីឌ នោះ​បាន​រាប់​ដូច​ជា​មាន​ឈ្មោះ​ខាង​ក្រោម​នេះ​ស្រាប់ គឺ​យ៉ាសុ‌បៀម ជា​កូន​របស់​ពួក​ហាក់‌ម៉ូនី​ម្នាក់ លោក​ជា​មេ​លើ​ពួក​៣០​នាក់ ហើយ​បាន​ពួយ​លំពែង សំឡាប់​មនុស្ស​៣០០​នាក់​តែ​១​គ្រា

12 បន្ទាប់​នោះ មាន​កូន​ដូដូរ​ឈ្មោះ​អេលាសារ ជា​ពួក​អ័ហូអា ដែល​ជា​ម្នាក់​ក្នុង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​៣​នាក់

13 លោក​បាន​នៅ​ជា​មួយ​នឹង​ដាវីឌ​នៅ​ត្រង់​ផាស់-ដាំមីម ក្នុង​កាល​ដែល​ពួក​ភីលីស្ទីន​បាន​មូល​គ្នា​មក​ច្បាំង នៅ​កន្លែង​ដែល​មាន​ស្រែ​ស្រូវ​ឱក ហើយ​ពួក​ទ័ព​បាន​រត់ ពី​មុខ​ពួក​ភីលីស្ទីន​ទៅ

14 តែ​ពួក​នោះ គេ​ឈរ​នៅ​កណ្តាល​ស្រែ​នោះ ហើយ​បាន​ការ‌ពារ ព្រម​ទាំង​សំឡាប់​ពួក​ភីលីស្ទីន​បង់ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​សង្គ្រោះ​គេ ដោយ​ជ័យ‌ជំនះ​យ៉ាង​ធំ

15 ក៏​មាន​៣​នាក់​ក្នុង​ពួក​ប្រធាន​ទាំង​៣០​នាក់​នោះ គេ​បាន​ចុះ​ទៅ​ដាវីឌ​ត្រង់​ថ្មដា ក្នុង​រអាង​អាឌូឡាម នៅ​គ្រា​នោះ ពួក​ភីលីស្ទីន​បាន​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​រេផែម