16 ក៏មានពួកកូនចៅបេនយ៉ាមីន និងយូដា មកឯដាវីឌ នៅទីពំនួននោះដែរ
17 ឯដាវីឌទ្រង់ចេញទៅទទួលគេ ដោយព្រះបន្ទូលថា បើអ្នករាល់គ្នាបានមកដោយមេត្រី ដើម្បីនឹងជួយខ្ញុំពិត នោះចិត្តខ្ញុំនឹងមូលជាប់នឹងអ្នករាល់គ្នា តែបើសិនជាមក ដើម្បីក្បត់បញ្ជូនខ្ញុំដល់ពួកខ្មាំងសត្រូវ ដែលខ្ញុំគ្មានធ្វើខុសអ្វីឡើយ នោះសូមឲ្យព្រះនៃពួកអយ្យកោយើងរាល់គ្នាទតមើលផង ហើយកាត់សំរេចចុះ
18 ព្រះវិញ្ញាណក៏មកសណ្ឋិតនៅលើអ័ម៉ាសាយ ជាមេលើពួក៣០នាក់ ហើយលោកទូលថា ឱដាវីឌអើយ យើងខ្ញុំរាល់គ្នាជារបស់ផងលោក ឱកូនអ៊ីសាយអើយ យើងខ្ញុំកាន់ខាងលោកហើយ សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខចំរើន ព្រមទាំងពួកអ្នកដែលជួយខាងលោកផង ដ្បិតព្រះនៃលោកទ្រង់ជួយដល់លោក ដូច្នេះ ដាវីឌក៏ទទួលគេ ហើយតាំងគេឡើងឲ្យធ្វើជាមេលើកងទាហាន។
19 ក្នុងពួកម៉ាន៉ាសេ ក៏មានអ្នកខ្លះរវាតមក ចូលខាងដាវីឌដែរ គឺក្នុងវេលាដែលទ្រង់ចេញទៅ ដើម្បីច្បាំងនឹងសូល ជាមួយនឹងពួកភីលីស្ទីន តែមិនបានជួយគេទេ ពីព្រោះពួកមេរបស់សាសន៍ភីលីស្ទីន គេបានពិគ្រោះគ្នា រួចបង្គាប់ឲ្យទ្រង់ទៅវិញ ដោយថា ក្រែងវារវាតចេញទៅខាងសូល ជាចៅហ្វាយវា ហើយនាំឲ្យអន្តរាយដល់ក្បាលយើងវិញ
20 ដូច្នេះ កំពុងដែលទ្រង់វិលទៅឯក្រុងស៊ីកឡាក់វិញ នោះមានពួកម៉ាន៉ាសេខ្លះចូលខាងទ្រង់ គឺអ័ឌណា យ៉ូសាបាឌ យេឌីអែល មីកែល យ៉ូសាបាឌ អេលីហ៊ូវ និងស៊ីលថាយ ដែលសុទ្ធតែជាមេលើទ័ពនៃពួកម៉ាន៉ាសេ១ពាន់នាក់
21 អ្នកទាំងនោះក៏ជួយដាវីឌទាស់នឹងពួកចោរ ដ្បិតសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជាមេទ័ពផង
22 ហើយសឹងតែរាល់ថ្ងៃ ក៏មានមនុស្សមកឯដាវីឌ ដើម្បីជួយទ្រង់ ដរាបដល់មានពួកទ័ពយ៉ាងសន្ធឹក គឺដូចជាពួកពលនៃព្រះ។