១ របាក្សត្រ 12:36-40 KHOV

36 ខាង​ឯ​ពួក​អេស៊ើ នោះ​មាន​៤​ម៉ឺន​នាក់​ដែល​អាច​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​ពល‌ទ័ព ជា​មនុស្ស​ថ្នឹក​ច្បាំង​ដែរ

37 ឯ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​មាន​ចំនួន​១​សែន​២​ម៉ឺន​នាក់ ដែល​មាន​គ្រឿង​ចំបាំង​គ្រប់​មុខ។

38 ពួក​អ្នក​ទាំង​នោះ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​ច្បាំង​ក៏​មក​ឯ​ដាវីឌ នៅ​ត្រង់​ក្រុង​ហេប្រុន ដោយ​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​នឹង​តាំង​ទ្រង់​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ពួក​អ៊ីស្រា‌អែល​ឯ​ទៀត​ទាំង​ប៉ុន្មាន​ក៏​ស្រុះ​ចិត្ត​គ្នា​នឹង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច​ដែរ

39 គេ​នៅ​ទី​នោះ​ជា​មួយ​នឹង​ដាវីឌ ដោយ​ការ​លៀង‌លោម​គ្នា​អស់​៣​ថ្ងៃ ដ្បិត​ពួក​បង​ប្អូន​គេ​បាន​រៀប‌ចំ​ឲ្យ

40 មួយ​ទៀត ពួក​ណា​ដែល​នៅ​ជិត​ល្មម​ត្រឹម​ពួក​អ៊ីសាខារ ពួក​សាប់‌យូល៉ូន និង​ពួក​ណែប‌ថាលី គេ​ក៏​យក​ស្បៀង​អាហារ​ផ្ទុក​លើ​សត្វ​លា អូដ្ឋ លា‌កាត់ និង​គោ​មក​ដែរ គឺ​ជា​នំបុ័ង ផែន​ល្វា​ក្រៀម ចង្កោម​ទំពាំង‌បាយ‌ជូរ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង គោ ហើយ​នឹង​ចៀម​យ៉ាង​សន្ធឹក ដ្បិត​មាន​សេចក្ដី​អំណរ​អរ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។