1 ដាវីឌទ្រង់បានពិគ្រោះជាមួយនឹងពួកមេទ័ពធំតូច គឺជាអ្នកនាំមុខទាំងអស់
2 ហើយទ្រង់មានព្រះបន្ទូលនឹងពួកជំនុំអ៊ីស្រាអែលទាំងអស់ថា បើការនេះពេញចិត្តដល់អ្នករាល់គ្នា ហើយក៏កើតអំពីព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាដែរ នោះចូរយើងចាត់គេឲ្យទៅពេញក្នុងស្រុក ដល់ពួកបងប្អូនយើង ដែលនៅសល់ក្នុងពួកអ៊ីស្រាអែល ហើយដល់ពួកសង្ឃ និងពួកលេវី ដែលនៅអស់ទាំងទីក្រុង និងភូមិគេទាំងប៉ុន្មាន ដើម្បីឲ្យគេមូលគ្នា មកឯយើងផងចុះ
3 ហើយចូរយើងនាំហឹបរបស់ព្រះនៃយើង មកឯយើងដែរ ដ្បិតយើងរាល់គ្នាមិនបាននឹកដល់ហឹបនោះ ក្នុងគ្រាសូលឡើយ
4 ពួកជំនុំទាំងអស់គ្នា ក៏យល់ព្រមនឹងធ្វើដូច្នោះ ដ្បិតការនោះជាទីពេញចិត្តដល់ពួកជនទាំងឡាយ
5 ដូច្នេះ ដាវីឌក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់មក ចាប់តាំងពីស្ទឹងស៊ីហោររបស់ស្រុកអេស៊ីព្ទ រហូតដល់ទ្វារចូលស្រុកហាម៉ាត ដើម្បីនឹងយកហឹបនៃព្រះ ពីក្រុងគារយ៉ាត់-យារីមមក
6 ដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ឡើងទៅឯក្រុងបាឡា គឺជាគារយ៉ាត់-យារីមរបស់ពួកយូដា ដើម្បីនឹងយកហឹបនៃព្រះយេហូវ៉ាដ៏ជាព្រះមក ដែលទ្រង់គង់នៅកណ្តាលចេរូប៊ីនទាំង២ ដែលហឹបនោះបានហៅតាមព្រះនាមទ្រង់