១ របាក្សត្រ 14:8-14 KHOV

8 កាល​ពួក​ភីលីស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង តាំង​ដាវីឌ​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ហើយ នោះ​ពួក​ភីលីស្ទីន​ទាំង​អស់​ក៏​លើក​គ្នា​ឡើង​ទៅ​រក​ដាវីឌ ដាវីឌ​ទ្រង់​ក៏​ជ្រាប រួច​ទ្រង់​ចេញ​ទៅ​ទាស់​នឹង​គេ

9 ឯ​គេ​បាន​ទន្ទ្រាន​ចូល​មក​ក្នុង​ច្រក​ភ្នំ​រេផែម​ហើយ

10 ដូច្នេះ ដាវីឌ​ទ្រង់​ទូល​សួរ​ដល់​ព្រះ​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​នេះ​ឬ​ទេ តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ទូល‌បង្គំ​ឬ ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ពិត

11 គេ​ក៏​ឡើង​មក​ដល់​បាល-ពេរ៉ា‌ស៊ីម ហើយ​ដាវីឌ​ទ្រង់​ប្រហារ​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ព្រះ​ទ្រង់​បាន​ទំលាយ​មក​លើ​ពួក​ខ្មាំង​សត្រូវ​របស់​យើង ដោយ‌សារ​ដៃ​យើង ដូច​ជា​ទឹក​ធ្លាយ​ទំនប់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ឈ្មោះ​ថា បាល-ពេរ៉ា‌ស៊ីម

12 គេ​ក៏​លះ​ចោល​អស់​ទាំង​រូប​ព្រះ​របស់​គេ​នៅ​ទី​នោះ រួច​ដាវីឌ​ចេញ​បង្គាប់​ឲ្យ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល។

13 ពួក​ភីលីស្ទីន​ក៏​ទន្ទ្រាន​ចូល​មក ក្នុង​ច្រក​ភ្នំ​នោះ​ម្តង​ទៀត

14 ហើយ​ដាវីឌ​ទ្រង់​ទូល​សួរ​ដល់​ព្រះ​ដូច​មុន តែ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ឡើង​ទៅ​តាម​គេ​ឡើយ គឺ​ត្រូវ​បែរ​ចេញ​ពី​គេ ឡើង​ទៅ​ទាស់​នឹង​គេ ទល់​មុខ​នឹង​ចំការ​មន​វិញ