11 ដាវីឌទ្រង់ក៏ហៅសាដុក និងអ័បៀថើរ ដ៏ជាសង្ឃមក ព្រមទាំងពួកលេវី គឺអ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល និងអ័មីន៉ាដាប់ផង
12 ទ្រង់មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាជាប្រធានលើវង្សានុវង្សរបស់ឪពុកនៃពួកលេវីទាំងប៉ុន្មាន ដូច្នេះ ចូរញែកខ្លួនចេញជាបរិសុទ្ធចុះ ព្រមទាំងបងប្អូនអ្នករាល់គ្នាផង ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មកឯកន្លែងដែលយើងបានរៀបចំ
13 ដ្បិតដោយព្រោះកាលពីជាន់មុនអ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រហារពួកយើងទៅ គឺពីព្រោះយើងរាល់គ្នាមិនបានរកទ្រង់ ឲ្យត្រូវតាមច្បាប់
14 ដូច្នេះ ពួកសង្ឃ និងពួកលេវី ក៏ញែកខ្លួនជាបរិសុទ្ធ ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលឡើងមក
15 ពួកកូនចៅលេវីបានសែងហឹបនៃព្រះទៅដោយឈើស្នែង ដូចជាលោកម៉ូសេបានបង្គាប់មក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
16 ដាវីឌក៏ប្រាប់ ឲ្យមេពួកលេវីដំរូវ ឲ្យពួកចំរៀង ជាបងប្អូនគេ កាន់ប្រដាប់ភ្លេង គឺពិណ ស៊ុង និងឈឹង លេងឲ្យឮសូរក្រលួច ហើយឡើងសំឡេងច្រៀងដោយអំណរ
17 ពួកលេវីក៏ដំរូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា