15 ពួកកូនចៅលេវីបានសែងហឹបនៃព្រះទៅដោយឈើស្នែង ដូចជាលោកម៉ូសេបានបង្គាប់មក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
16 ដាវីឌក៏ប្រាប់ ឲ្យមេពួកលេវីដំរូវ ឲ្យពួកចំរៀង ជាបងប្អូនគេ កាន់ប្រដាប់ភ្លេង គឺពិណ ស៊ុង និងឈឹង លេងឲ្យឮសូរក្រលួច ហើយឡើងសំឡេងច្រៀងដោយអំណរ
17 ពួកលេវីក៏ដំរូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា
18 ហើយពួកបងប្អូនគេ ដែលជាថ្នាក់ទី២ឲ្យបាននៅជាមួយដែរ គឺសាការី បេន យ្អាស៊ាល សេមីរ៉ាម៉ូត យេហ៊ីអែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដំម និងយីអែល ដែលសុទ្ធតែជាពួកអ្នកឆ្មាំទ្វារ
19 ដូច្នេះ ពួកអ្នកចំរៀង គឺហេម៉ាន អេសាភ និងអេថាន ក៏កាន់ឈឹងលង្ហិន សំរាប់វាយឲ្យឮរងំ
20 ហើយសាការី យ្អាស៊ាល សេមីរ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា និងបេណាយ៉ា ក៏កាន់ពិណ សំរាប់ដេញ តាមសំឡេងស្រួច
21 ហើយម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដំម យីអែល និងអ័សាស៊ា ក៏កាន់ស៊ុងខ្សែ៨ សំរាប់នឹងចាប់នាំមុខពួកចំរៀង