31 ចូរឲ្យផ្ទៃមេឃមានសេចក្ដីអំណរ ហើយឲ្យផែនដីបានត្រេកអរឡើង ឲ្យបានថ្លែងនៅគ្រប់ទាំងសាសន៍ថា ព្រះយេហូវ៉ាទ្រង់សោយរាជ្យ
32 ចូរឲ្យសមុទ្រ និងបណ្តាដែលនៅក្នុងនោះទាំងប៉ុន្មាន បានឮកងរំពងឡើង ចូរឲ្យស្រែចំការ និងរបស់ដែលមាននៅទីនោះទាំងប៉ុន្មាន មានសេចក្ដីរីករាយអរសប្បាយផង
33 ចូរឲ្យដើមឈើនៅព្រៃបញ្ចេញសូរយ៉ាងសប្បាយ នៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក ដើម្បីជំនុំជំនះផែនដី
34 ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច
35 ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំ ឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ ដល់ព្រះនាមបរិសុទ្ធនៃទ្រង់ ហើយមានសេចក្ដីរីករាយ ក្នុងសេចក្ដីសរសើរដំកើងដល់ទ្រង់
36 សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប ដរាបដល់អស់កល្បជានិច្ច។ស្រេចហើយ បណ្តាជនទាំងអស់គ្នាក៏ទទួលឡើងថា អាម៉ែន ហើយក៏សរសើរដំកើងដល់ព្រះយេហូវ៉ាដែរ។
37 ដូច្នេះ ដាវីឌទ្រង់ទុកឲ្យអេសាភ និងបងប្អូនលោកនៅចំពោះហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ឲ្យបានធ្វើការងារនៅទីនោះ តាមដែលត្រូវការ រាល់តែថ្ងៃជានិច្ច