37 ដូច្នេះ ដាវីឌទ្រង់ទុកឲ្យអេសាភ និងបងប្អូនលោកនៅចំពោះហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ឲ្យបានធ្វើការងារនៅទីនោះ តាមដែលត្រូវការ រាល់តែថ្ងៃជានិច្ច
38 ឯអូបិឌ-អេដំម ជាកូនយេឌូថិន និងហូសា ព្រមទាំងបងប្អូនលោកចំនួន៦៨នាក់ បានតាំងឡើងឲ្យធ្វើជាអ្នកឆ្មាំទ្វារ
39 ចំណែកសាដុកដ៏ជាសង្ឃ និងបងប្អូនលោក ជាពួកសង្ឃ បានតាំងឲ្យនៅមុខរោងឧបោសថនៃព្រះយេហូវ៉ា ដែលនៅលើទីខ្ពស់ត្រង់គីបៀន
40 ដើម្បីនឹងថ្វាយដង្វាយដល់ព្រះយេហូវ៉ា នៅលើអាសនា ដែលសំរាប់ដង្វាយដុត រាល់ព្រឹករាល់ល្ងាចជានិច្ច តាមគ្រប់ទាំងសេចក្ដី ដែលបានចែងទុកមកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់ដល់ពួកអ៊ីស្រាអែល
41 មានទាំងហេម៉ាន និងយេឌូថិននៅជាមួយដែរ ព្រមទាំងពួកអ្នកឯទៀត ដែលបានដំរូវដោយឈ្មោះផង ដើម្បីនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសទ្រង់នៅអស់កល្បជានិច្ច
42 ហេម៉ាន និងយេឌូថិននេះ គេមានត្រែ និងឈឹង សំរាប់ពួកអ្នកភ្លេង និងប្រដាប់ឯទៀតសំរាប់ប្រកបភ្លេងថ្វាយព្រះ ហើយពួកកូនចៅយេឌូថិន គេនៅត្រង់មាត់ទ្វារ
43 រួចបណ្តាជនក៏វិលទៅផ្ទះគេរៀងខ្លួនទៅ ហើយដាវីឌទ្រង់ក៏ត្រឡប់ទៅ ដើម្បីឲ្យពរដល់ពួកវង្សាញាតិរបស់ទ្រង់។