40 ដើម្បីនឹងថ្វាយដង្វាយដល់ព្រះយេហូវ៉ា នៅលើអាសនា ដែលសំរាប់ដង្វាយដុត រាល់ព្រឹករាល់ល្ងាចជានិច្ច តាមគ្រប់ទាំងសេចក្ដី ដែលបានចែងទុកមកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់ដល់ពួកអ៊ីស្រាអែល
41 មានទាំងហេម៉ាន និងយេឌូថិននៅជាមួយដែរ ព្រមទាំងពួកអ្នកឯទៀត ដែលបានដំរូវដោយឈ្មោះផង ដើម្បីនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសទ្រង់នៅអស់កល្បជានិច្ច
42 ហេម៉ាន និងយេឌូថិននេះ គេមានត្រែ និងឈឹង សំរាប់ពួកអ្នកភ្លេង និងប្រដាប់ឯទៀតសំរាប់ប្រកបភ្លេងថ្វាយព្រះ ហើយពួកកូនចៅយេឌូថិន គេនៅត្រង់មាត់ទ្វារ
43 រួចបណ្តាជនក៏វិលទៅផ្ទះគេរៀងខ្លួនទៅ ហើយដាវីឌទ្រង់ក៏ត្រឡប់ទៅ ដើម្បីឲ្យពរដល់ពួកវង្សាញាតិរបស់ទ្រង់។