16 ដូច្នេះ ស្តេចដាវីឌទ្រង់ចូលទៅគង់នៅចំពោះព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ តើទូលបង្គំជាអ្វី តើកូនចៅទូលបង្គំជាអ្វី បានជាទ្រង់ប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ
17 ប៉ុន្តែ ឱព្រះអង្គអើយ នេះជាការយ៉ាងតូច នៅព្រះនេត្រទ្រង់ទេ បានជាទ្រង់មានព្រះបន្ទូលពីពូជពង្សនៃទូលបង្គំ រហូតដល់យូរអង្វែងទៅមុខទៀត ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ទ្រង់បានទតមកទូលបង្គំ តាមសណ្ឋានមនុស្សជាន់ខ្ពស់
18 តើដាវីឌទូលបង្គំនឹងទូលដល់ទ្រង់យ៉ាងដូចម្តេចទៀត ពីកិត្តិយសដែលទ្រង់បានប្រទានមកទូលបង្គំ ដ្បិតទ្រង់ស្គាល់ទូលបង្គំហើយ
19 ឱព្រះយេហូវ៉ាអើយ ទ្រង់បានធ្វើការធំទាំងនេះ ដោយយល់ដល់ទូលបង្គំ ហើយតាមបំណងព្រះហឫទ័យទ្រង់ ដើម្បីនឹងសំដែង ឲ្យស្គាល់អស់ទាំងការដ៏ធំទាំងនេះ
20 ឱព្រះយេហូវ៉ាអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ហើយតាមគ្រប់ទាំងសេចក្ដី ដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីទ្រង់ដែរ
21 តើមានសាសន៍ឯណាមួយ នៅផែនដី ឲ្យដូចអ៊ីស្រាអែល ជារាស្ត្ររបស់ផងទ្រង់នេះ ដែលព្រះបានយាងទៅប្រោសលោះ ទុកជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យបានល្បីព្រះនាម ដោយការយ៉ាងធំ ហើយគួរស្ញែងខ្លាច ដោយបណ្តេញសាសន៍ដ៏ទៃ ពីមុខរាស្ត្រទ្រង់ចេញ ជារាស្ត្រដែលទ្រង់បានលោះពីស្រុកអេស៊ីព្ទមកដូច្នេះ
22 ដ្បិតទ្រង់បានយកអ៊ីស្រាអែល ជារាស្ត្រទ្រង់ ធ្វើជារបស់ផងទ្រង់ នៅជារៀងរាបដរាបទៅហើយ ឱព្រះយេហូវ៉ាអើយ ទ្រង់ក៏បានត្រឡប់ជាព្រះដល់គេដែរ