១ របាក្សត្រ 17:17-23 KHOV

17 ប៉ុន្តែ ឱ​ព្រះ‌អង្គ​អើយ នេះ​ជា​ការ​យ៉ាង​តូច នៅ​ព្រះ‌នេត្រ​ទ្រង់​ទេ បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ពូជ​ពង្ស​នៃ​ទូល‌បង្គំ រហូត​ដល់​យូរ‌អង្វែង​ទៅ​មុខ​ទៀត ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ ទ្រង់​បាន​ទត​មក​ទូល‌បង្គំ តាម​សណ្ឋាន​មនុស្ស​ជាន់​ខ្ពស់

18 តើ​ដាវីឌ​ទូល‌បង្គំ​នឹង​ទូល​ដល់​ទ្រង់​យ៉ាង​ដូច​ម្តេច​ទៀត ពី​កិត្តិយស​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ ដ្បិត​ទ្រង់​ស្គាល់​ទូល‌បង្គំ​ហើយ

19 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ធ្វើ​ការ​ធំ​ទាំង​នេះ ដោយ​យល់​ដល់​ទូល‌បង្គំ ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ដើម្បី​នឹង​សំដែង ឲ្យ​ស្គាល់​អស់​ទាំង​ការ​ដ៏​ធំ​ទាំង​នេះ

20 ឱ​ព្រះ‌យេហូវ៉ា​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ហើយ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ត្រចៀក​ទូល‌បង្គំ​រាល់​គ្នា​បាន​ឮ នោះ​ក៏​គ្មាន​ព្រះ​ឯ​ណា​ក្រៅ​ពី​ទ្រង់​ដែរ

21 តើ​មាន​សាសន៍​ឯ​ណា​មួយ នៅ​ផែនដី ឲ្យ​ដូច​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ផង​ទ្រង់​នេះ ដែល​ព្រះ​បាន​យាង​ទៅ​ប្រោស​លោះ ទុក​ជា​រាស្ត្រ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ល្បី​ព្រះ‌នាម ដោយ​ការ​យ៉ាង​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ដោយ​បណ្តេញ​សាសន៍​ដ៏ទៃ ពី​មុខ​រាស្ត្រ​ទ្រង់​ចេញ ជា​រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ

22 ដ្បិត​ទ្រង់​បាន​យក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់ ធ្វើ​ជា​របស់​ផង​ទ្រង់ នៅ​ជា​រៀង‌រាប​ដរាប​ទៅ​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ក៏​បាន​ត្រឡប់​ជា​ព្រះ​ដល់​គេ​ដែរ

23 ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សេចក្ដី​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ទូល‌បង្គំ និង​ពី​ពូជ​ពង្ស​របស់​ទូល‌បង្គំ បាន​ជាប់​នៅ​ជា​ដរាប​ត​ទៅ ហើយ​សូម​ទ្រង់​សំរេច ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នោះ