5 ដ្បិតតាំងពីអញនាំសាសន៍អ៊ីស្រាអែលឡើងមក ដរាបដល់សព្វថ្ងៃនេះ នោះអញមិនបាននៅក្នុងព្រះវិហារណាទេ គឺបានទៅពីត្រសាល១ដល់ត្រសាល១ ហើយពីរោងឧបោសថ១ដល់រោងឧបោសថ១ទៀត
6 នៅគ្រប់ទីកន្លែង ដែលអញដើរជាមួយនឹងពួកអ៊ីស្រាអែល នោះតើអញដែលនិយាយ១ម៉ាត់ នឹងពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលណាមួយ ដែលអញបានបង្គាប់ឲ្យឃ្វាលរាស្ត្រអញថា ហេតុអ្វីបានជាឯងមិនបានស្អាងព្រះវិហារ ពីឈើតាត្រៅឲ្យអញឬទេ
7 ដូច្នេះ ត្រូវឲ្យឯងនិយាយនឹងដាវីឌ ជាអ្នកបំរើអញថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ អញបានយកឯងពីក្រោលសត្វ គឺពីការឃ្វាលហ្វូងចៀមមក ឲ្យធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជារាស្ត្រអញ
8 អញបាននៅជាមួយនឹងឯង នៅគ្រប់ទីកន្លែងណា ដែលឯងបានទៅដែរ ក៏បានដកពួកខ្មាំងសត្រូវទាំងអស់ពីមុខឯងចេញ ហើយបានលើកឈ្មោះឯងជាធំ ដូចជាឈ្មោះនៃអស់អ្នកធំ ដែលនៅផែនដី
9 អញបានដំរូវ ឲ្យពួកអ៊ីស្រាអែល ជារាស្ត្រអញ មានទីលំនៅ ដើម្បីឲ្យគេបាននៅជាប់ក្នុងស្រុករបស់ផងគេ ឥតដែលត្រូវរើទៅឯណាទៀត ពួកខូចអាក្រក់នឹងមិនពង្រេចពង្រឹលគេ ដូចកាលពីមុន
10 គឺដូចជាគ្រាកាលចាប់តាំងពីថ្ងៃ ដែលអញបានតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជារាស្ត្រអញនោះឡើយ អញបានបង្ក្រាបអស់ទាំងខ្មាំងសត្រូវឯងហើយ (មួយទៀតទូលបង្គំក្រាបទូលថា ព្រះយេហូវ៉ាទ្រង់នឹងតាំងព្រះវង្សាទ្រង់ឡើង)
11 កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ នៅខណៈដែលឯងត្រូវទៅជួបជុំនឹងពួកអយ្យកោឯង នោះអញនឹងតាំងពូជពង្សឯងឡើង គឺជាម្នាក់ក្នុងពួកកូនឯង ហើយនឹងតាំងរាជ្យរបស់អ្នកនោះ ឲ្យខ្ជាប់ខ្ជួនឡើង