8 អញបាននៅជាមួយនឹងឯង នៅគ្រប់ទីកន្លែងណា ដែលឯងបានទៅដែរ ក៏បានដកពួកខ្មាំងសត្រូវទាំងអស់ពីមុខឯងចេញ ហើយបានលើកឈ្មោះឯងជាធំ ដូចជាឈ្មោះនៃអស់អ្នកធំ ដែលនៅផែនដី
9 អញបានដំរូវ ឲ្យពួកអ៊ីស្រាអែល ជារាស្ត្រអញ មានទីលំនៅ ដើម្បីឲ្យគេបាននៅជាប់ក្នុងស្រុករបស់ផងគេ ឥតដែលត្រូវរើទៅឯណាទៀត ពួកខូចអាក្រក់នឹងមិនពង្រេចពង្រឹលគេ ដូចកាលពីមុន
10 គឺដូចជាគ្រាកាលចាប់តាំងពីថ្ងៃ ដែលអញបានតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជារាស្ត្រអញនោះឡើយ អញបានបង្ក្រាបអស់ទាំងខ្មាំងសត្រូវឯងហើយ (មួយទៀតទូលបង្គំក្រាបទូលថា ព្រះយេហូវ៉ាទ្រង់នឹងតាំងព្រះវង្សាទ្រង់ឡើង)
11 កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ នៅខណៈដែលឯងត្រូវទៅជួបជុំនឹងពួកអយ្យកោឯង នោះអញនឹងតាំងពូជពង្សឯងឡើង គឺជាម្នាក់ក្នុងពួកកូនឯង ហើយនឹងតាំងរាជ្យរបស់អ្នកនោះ ឲ្យខ្ជាប់ខ្ជួនឡើង
12 អ្នកនោះនឹងស្អាងព្រះវិហារ១ឲ្យអញ ហើយអញនឹងប្រោសឲ្យរាជ្យអ្នកនោះបានស្ថិតស្ថេរនៅ ជារៀងរាបដរាបទៅ
13 អញនឹងធ្វើជាឪពុកដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ អញមិនដែលដកសេចក្ដីសប្បុរសរបស់អញ ចេញពីអ្នកនោះ ដូចជាបានដកចេញពីអ្នក ដែលនៅមុខឯងនោះឡើយ
14 គឺនឹងតាំងអ្នកនោះ នៅក្នុងព្រះវិហារ ហើយក្នុងនគររបស់អញឲ្យនៅជាដរាប ហើយរាជ្យអ្នកនោះនឹងបាននៅជាប់ ជារៀងរាបដរាបទៅ