១ របាក្សត្រ 18:5-11 KHOV

5 កាល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​ដាម៉ាស បាន​មក​ជួយ​ហាដា‌រេ‌ស៊ើរ ជា​ស្តេច​សូបា នោះ​ដាវីឌ​ក៏​ប្រហារ​ពួក​ស៊ីរី​នោះ អស់​២​ម៉ឺន​២​ពាន់​នាក់

6 រួច​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ទាហាន​រក្សា​ស្រុក នៅ​ស្រុក​ស៊ីរី ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​ស៊ីរី​ក៏​ចំណុះ​ដាវីឌ ព្រម​ទាំង​ឡើង​សួយ‌អាករ​មក​ថ្វាយ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស ឲ្យ​ដាវីឌ​មាន​ជ័យ‌ជំនះ​នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ

7 ដាវីឌ​ក៏​យក​អស់​ទាំង​ខែល​មាស របស់​ពួក​ទាហាន នៃ​ហាដា‌រេ‌ស៊ើរ​នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម

8 ហើយ​ពី​ក្រុង​បេថាស និង​ក្រុង​គូន ជា​ទី​ក្រុង​របស់​ហាដា‌រេ‌ស៊ើរ នោះ​ដាវីឌ​ក៏​យក​លង្ហិន​សន្ធឹក​ដែរ ដែល​សាឡូ‌ម៉ូន​បាន​ប្រើ​ធ្វើ​សមុទ្រ​លង្ហិន សសរ និង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន។

9 កាល​ថូអ៊ី ជា​ស្តេច​ក្រុង​ហាម៉ាត បាន​ឮ​ថា ដាវីឌ​បាន​ប្រហារ​ពួក​ទ័ព​របស់​ហាដា‌រេ‌ស៊ើរ ជា​ស្តេច​សូបា ទាំង​អស់​ហើយ

10 នោះ​លោក​ក៏​ចាត់​យ៉ូរ៉ាម ជា​បុត្រ​ទ្រង់ ឲ្យ​ទៅ​គាល់​ស្តេច​ដាវីឌ ដើម្បី​នឹង​គំនាប់ ហើយ​ចំរើន​ពរ​ថ្វាយ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដា‌រេ‌ស៊ើរ ដ្បិត​ហាដា‌រេ‌ស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជានិច្ច យ៉ូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស ប្រាក់ និង​លង្ហិន​គ្រប់​មុខ ទៅ​ថ្វាយ​ដែរ

11 ស្តេច​ដាវីឌ​ទ្រង់​ក៏​ថ្វាយ​របស់​ទាំង​នោះ ដល់​ព្រះ‌យេហូវ៉ា​ជា​មួយ​នឹង​ប្រាក់ ហើយ​មាស​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​មក​ពី​អស់​ទាំង​សាសន៍​ដទៃ គឺ​ពី​សាសន៍​អេដំម សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលីស្ទីន និង​សាសន៍​អាម៉ា‌លេក។