1 ក្រោយនោះមក ណាហាស ជាស្តេចពួកកូនចៅអាំម៉ូន ទ្រង់សុគតទៅ ហើយបុត្រាទ្រង់ក៏ឡើងសោយរាជ្យជំនួស
2 នោះដាវីឌទ្រង់ព្រះដំរិះថា អញនឹងសំដែងសេចក្ដីសប្បុរសដល់ហានូន ជាកូនណាហាស ដ្បិតឪពុកបានសំដែងសេចក្ដីសប្បុរសដល់អញដែរ ដូច្នេះ ដាវីឌក៏ចាត់ពួករាជទូត ឲ្យទៅជួយកំសាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌ ក៏ចូលទៅក្នុងស្រុករបស់ពួកកូនចៅអាំម៉ូន ដល់ហានូន ដើម្បីជួយកំសាន្តទុក្ខទ្រង់
3 ប៉ុន្តែ ពួកមេរបស់កូនចៅអាំម៉ូនទូលដល់ហានូនថា ទ្រង់ជឿថា ដាវីឌចង់លើកមុខបិតាទ្រង់ ដោយចាត់ពួកនេះមកជួយកំសាន្តទុក្ខទ្រង់ឬអី ដែលពួកទូតនេះបានមកឯទ្រង់ដូច្នេះ គឺដើម្បីតែនឹងឈ្លបលប ហើយសង្កេតមើលស្រុកប៉ុណ្ណោះ រួចបំផ្លាញវិញទេតើ
4 ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ដាវីឌមកកោរ ហើយកាត់អាវគេផ្តាច់ផ្នែកខាងក្រោម នៅត្រឹមគូថ រួចលែងឲ្យទៅវិញ
5 មានមនុស្សមកទូលដល់ដាវីឌ ពីការដែលគេប្រព្រឹត្តនឹងពួកទូតទាំងនោះ ដូច្នេះ ទ្រង់ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេមានសេចក្ដីខ្មាសណាស់ ហើយស្តេចទ្រង់មានព្រះបន្ទូលថា ចូរស្នាក់នៅក្រុងយេរីខូរសិនចុះ ចាំទំរាំពុកចង្កាបានដុះជាថ្មីឡើង រួចសឹមត្រឡប់មកវិញ។
6 លុះកាលពួកកូនចៅអាំម៉ូនឃើញថា គេបាននាំឲ្យដាវីឌខ្ពើមដល់ខ្លួនហើយ នោះហានូន និងពួកកូនចៅអាំម៉ូន ក៏ផ្ញើប្រាក់១ពាន់ហាប ទៅជួលរទេះចំបាំង និងទ័ពសេះពីស្រុកមេសូប៉ូតាមា ស្រុកស៊ីរី-ម្អាកា និងពីស្រុកសូបាមកជួយ
7 យ៉ាងនោះ គេជួលបានរទេះ ៣ម៉ឺន២ពាន់ ព្រមទាំងស្តេចស្រុកម្អាកា និងបណ្តារាស្ត្ររបស់ទ្រង់ផង ពួកទាំងនោះក៏មកបោះទ័ព នៅមុខក្រុងមេឌីបា ឯពួកកូនចៅអាំម៉ូន ក៏ចេញពីទីក្រុងខ្លួនទាំងប៉ុន្មាន មូលមកច្បាំង