11 ឯបណ្តាទ័ពដែលសល់ នោះក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយ ជាប្អូន ហើយគេក៏ដំរៀបគ្នាតនឹងពួកកូនចៅ អាំម៉ូន
12 លោកប្រាប់ថា បើសិនជាពួកស៊ីរីមានកំឡាំងហួសពេក អញឈ្នះគេមិនបាន នោះចូរឯងមកជួយអញផង បើពួកកូនចៅអាំម៉ូនមានកំឡាំងហួសពេក ឯងឈ្នះគេមិនបាន នោះអញនឹងទៅជួយឯងវិញ
13 ចូរយើងមានចិត្តក្លាហានឡើង ហើយមានកំឡាំងចុះ ដោយព្រោះសាសន៍យើង និងទីក្រុងរបស់ព្រះនៃយើងផង សូមព្រះយេហូវ៉ាទ្រង់សំរេចសេចក្ដីតាមព្រះហឫទ័យទ្រង់ចុះ
14 ដូច្នេះ យ៉ូអាប់ និងពួកពលដែលនៅជាមួយ ក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ
15 កាលពួកកូនចៅអាំម៉ូនឃើញថា ពួកស៊ីរីបានបាក់ទ័ពហើយ នោះគេក៏រត់ពីមុខអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ដែរ នាំគ្នាចូលទៅក្នុងទីក្រុង រួចយ៉ូអាប់ក៏ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
16 កាលពួកស៊ីរីឃើញថា បានចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏ចាត់ទូត ឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ មានសូបាក ជាមេទ័ពរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ
17 កាលដាវីឌទ្រង់បានជ្រាប នោះទ្រង់ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ឆ្លងទន្លេយ័រដាន់ទៅប្រទះនឹងគេ ហើយក៏ដំរៀបគ្នាច្បាំង កាលដាវីឌបានដំរៀបទ័ពច្បាំងនឹងពួកស៊ីរីដូច្នេះ នោះគេក៏តនឹងទ្រង់