5 មានមនុស្សមកទូលដល់ដាវីឌ ពីការដែលគេប្រព្រឹត្តនឹងពួកទូតទាំងនោះ ដូច្នេះ ទ្រង់ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេមានសេចក្ដីខ្មាសណាស់ ហើយស្តេចទ្រង់មានព្រះបន្ទូលថា ចូរស្នាក់នៅក្រុងយេរីខូរសិនចុះ ចាំទំរាំពុកចង្កាបានដុះជាថ្មីឡើង រួចសឹមត្រឡប់មកវិញ។
6 លុះកាលពួកកូនចៅអាំម៉ូនឃើញថា គេបាននាំឲ្យដាវីឌខ្ពើមដល់ខ្លួនហើយ នោះហានូន និងពួកកូនចៅអាំម៉ូន ក៏ផ្ញើប្រាក់១ពាន់ហាប ទៅជួលរទេះចំបាំង និងទ័ពសេះពីស្រុកមេសូប៉ូតាមា ស្រុកស៊ីរី-ម្អាកា និងពីស្រុកសូបាមកជួយ
7 យ៉ាងនោះ គេជួលបានរទេះ ៣ម៉ឺន២ពាន់ ព្រមទាំងស្តេចស្រុកម្អាកា និងបណ្តារាស្ត្ររបស់ទ្រង់ផង ពួកទាំងនោះក៏មកបោះទ័ព នៅមុខក្រុងមេឌីបា ឯពួកកូនចៅអាំម៉ូន ក៏ចេញពីទីក្រុងខ្លួនទាំងប៉ុន្មាន មូលមកច្បាំង
8 កាលដាវីឌបានជ្រាប នោះទ្រង់ចាត់យ៉ូអាប់ និងពួកពលទ័ពខ្លាំងពូកែទាំងអស់ ឲ្យចេញទៅ
9 ពួកកូនចៅអាំម៉ូន ក៏ចេញមកត្រៀមពល នៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ហើយពួកស្តេចដែលមកជួយ គេក៏នៅឯវាលដោយខ្លួន។
10 រីឯយ៉ូអាប់ កាលឃើញថា គេឡោមច្បាំងនឹងលោក ពីខាងមុខខាងក្រោយដូច្នេះ នោះលោកក៏យកពួកជ្រើសរើស ក្នុងពួកអ៊ីស្រាអែល ដាក់ឲ្យដំរៀបគ្នាតនឹងពួកស៊ីរី
11 ឯបណ្តាទ័ពដែលសល់ នោះក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយ ជាប្អូន ហើយគេក៏ដំរៀបគ្នាតនឹងពួកកូនចៅ អាំម៉ូន