1 គ្រានោះ សាតាំងក៏ឈរឡើង ទាស់នឹងពួកអ៊ីស្រាអែល បណ្តាលឲ្យដាវីឌរាប់ចំនួនបណ្តារាស្ត្រទាំងឡាយ
2 ដាវីឌទ្រង់មានព្រះបន្ទូលទៅយ៉ូអាប់ និងពួកជាប្រធានលើបណ្តាជនថា ចូរទៅរាប់ចំនួនសាសន៍អ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ក្រុងដាន់ទៅ រួចមកប្រាប់យើង ឲ្យបានដឹងចំនួនផង
3 យ៉ូអាប់តបថា សូមឲ្យព្រះយេហូវ៉ាចំរើនពួកជនរបស់ទ្រង់ ឲ្យបាន១ជា១០០ភាគឡើង តែបពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ តើគេមិនមែនសុទ្ធតែជាអ្នកបំរើរបស់ទ្រង់ព្រះករុណាទេឬអី ចុះហេតុអ្វីបានជាទ្រង់ព្រះករុណាបង្គាប់ឲ្យធ្វើការនេះ ទ្រង់ចង់បណ្តាលឲ្យអ៊ីស្រាអែល មានទោសធ្វើអី
4 ប៉ុន្តែ ព្រះបន្ទូលនៃស្តេចបានឈ្នះវិញ បានជាយ៉ូអាប់លោកបង្គំលាចេញទៅ ដើរគ្រប់ក្នុងស្រុកអ៊ីស្រាអែល រួចត្រឡប់មកឯក្រុងយេរូសាឡិមវិញ
5 នោះយ៉ូអាប់ក៏បង្ហាញចំនួននៃជនទាំងឡាយ ដែលបានរាប់នោះថ្វាយដាវីឌ គឺពួកអ៊ីស្រាអែលទាំងអស់ ដែលចេះកាន់ដាវ នោះមាន១លាន១សែននាក់ ហើយពួកយូដា ដែលចេះកាន់ដាវ នោះមាន៤សែន៧ម៉ឺននាក់
6 តែពួកលេវី និងពួកបេនយ៉ាមីន លោកមិនបានរាប់ក្នុងពួកគេទេ ដ្បិតព្រះបន្ទូលនៃស្តេចជាទីទំនាស់ចិត្តដល់យ៉ូអាប់