10 ឲ្យចូលទៅប្រាប់ដាវីឌថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញដាក់សេចក្ដីទាំង៣នេះឲ្យឯង ចូររើសយក១ចុះ ឲ្យអញបានធ្វើយ៉ាងនោះដល់ឯង
11 កាឌ់ក៏ចូលទៅទូលនឹងដាវីឌថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូររើសយក១ចុះ
12 ទោះបើជាសេចក្ដីអំណត់អស់៣ឆ្នាំ ឬឲ្យពួកខ្មាំងសត្រូវបំផ្លាញ ក្នុងរវាង៣ខែ កំពុងដែលដាវរបស់ពួកខ្មាំងតាមឯងទាន់ ឬជាដាវនៃព្រះយេហូវ៉ា នៅរវាង៣ថ្ងៃវិញ គឺជាជំងឺអាសន្នរោគកើតឡើងក្នុងស្រុក និងទេវតានៃព្រះយេហូវ៉ា បំផ្លាញទួទៅអស់ទាំងដែនស្រុកអ៊ីស្រាអែល ដូច្នេះ សូមពិចារណាឥឡូវនេះចុះ តើចង់ឲ្យទូលបង្គំឆ្លើយ ដល់ព្រះដែលចាត់ឲ្យទូលបង្គំមកជាយ៉ាងណា
13 ដាវីឌទ្រង់មានព្រះបន្ទូលទៅកាឌ់ថា យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងធ្លាក់ទៅក្នុងព្រះហស្ត នៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ទ្រង់ធំណាស់ កុំឲ្យយើងធ្លាក់ទៅក្នុងកណ្តាប់ដៃនៃមនុស្សឡើយ
14 ដូច្នេះ ព្រះយេហូវ៉ាទ្រង់បណ្តាល ឲ្យមានជំងឺអាសន្នរោគកើតឡើង ក្នុងពួកអ៊ីស្រាអែល ហើយពួកអ៊ីស្រាអែលក៏ដួលស្លាប់អស់៧ម៉ឺននាក់
15 ព្រះទ្រង់ក៏ចាត់ទេវតា១ទៅបំផ្លាញក្រុងយេរូសាឡិម តែកាលទេវតានោះហៀបនឹងបំផ្លាញទៅ នោះព្រះយេហូវ៉ាទ្រង់ទតឃើញ ក៏មានព្រះហឫទ័យរំជួល ថយចេញពីការអាក្រក់នោះ ហើយមានព្រះបន្ទូលទៅទេវតាដែលបំផ្លាញថា ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ ខណៈនោះ ទេវតានៃព្រះយេហូវ៉ាកំពុងតែឈរ នៅជិតលានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស
16 ដាវីឌទ្រង់ងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរ នៅកណ្តាលមេឃ និងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡិម នោះដាវីឌ និងពួកចាស់ទុំដែលស្លៀកសំពត់ធ្មៃក៏ផ្តួលខ្លួនក្រាបចុះផ្កាប់មុខ