១ របាក្សត្រ 21:11-17 KHOV

11 កាឌ់​ក៏​ចូល​ទៅ​ទូល​នឹង​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​រើស​យក​១​ចុះ

12 ទោះ​បើ​ជា​សេចក្ដី​អំណត់​អស់​៣​ឆ្នាំ ឬ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បំផ្លាញ ក្នុង​រវាង​៣​ខែ កំពុង​ដែល​ដាវ​របស់​ពួក​ខ្មាំង​តាម​ឯង​ទាន់ ឬ​ជា​ដាវ​នៃ​ព្រះ‌យេហូវ៉ា នៅ​រវាង​៣​ថ្ងៃ​វិញ គឺ​ជា​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក និង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បំផ្លាញ​ទួទៅ​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រា‌អែល ដូច្នេះ សូម​ពិចារណា​ឥឡូវ​នេះ​ចុះ តើ​ចង់​ឲ្យ​ទូល‌បង្គំ​ឆ្លើយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ទូល‌បង្គំ​មក​ជា​យ៉ាង​ណា

13 ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាឌ់​ថា យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​ធំ​ណាស់ កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​ឡើយ

14 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ដួល​ស្លាប់​អស់​៧​ម៉ឺន​នាក់

15 ព្រះ​ទ្រង់​ក៏​ចាត់​ទេវតា​១​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡិម តែ​កាល​ទេវតា​នោះ​ហៀប​នឹង​បំផ្លាញ​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ឃើញ ក៏​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ដែល​បំផ្លាញ​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណៈ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ឈរ នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស

16 ដាវីឌ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​ឈរ នៅ​កណ្តាល​មេឃ និង​ផែនដី មាន​ដាវ​ហូត​ជា​ស្រេច​នៅ​ដៃ លូក​ទៅ​លើ​ក្រុង​យេរូ‌សាឡិម នោះ​ដាវីឌ និង​ពួក​ចាស់‌ទុំ​ដែល​ស្លៀក​សំពត់​ធ្មៃ​ក៏​ផ្តួល​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ

17 ហើយ​ដាវីឌ​ទ្រង់​ទូល​ដល់​ព្រះ​ថា គឺ​ទូល‌បង្គំ​ទេ​តើ ដែល​បង្គាប់​ឲ្យ​រាប់​ចំនួន​ជន​ទាំង‌ឡាយ គឺ​ទូល‌បង្គំ​ដែល​បាន​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​ដោយ​ការ​ល្មើស តែ​ពួក​ចៀម​ទាំង​នេះ​វិញ តើ​គេ​បាន​ធ្វើ​ខុស​អ្វី ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​ទាស់​នឹង​ទូល‌បង្គំ ហើយ​នឹង​ពួក​វង្ស​របស់​ទូល‌បង្គំ​ចុះ សូម​កុំ​ឲ្យ​ទាស់​នឹង​រាស្ត្រ​របស់​ទ្រង់ ឲ្យ​គេ​ត្រូវ​វេទនា​ឡើយ។