13 ដាវីឌទ្រង់មានព្រះបន្ទូលទៅកាឌ់ថា យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងធ្លាក់ទៅក្នុងព្រះហស្ត នៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ទ្រង់ធំណាស់ កុំឲ្យយើងធ្លាក់ទៅក្នុងកណ្តាប់ដៃនៃមនុស្សឡើយ
14 ដូច្នេះ ព្រះយេហូវ៉ាទ្រង់បណ្តាល ឲ្យមានជំងឺអាសន្នរោគកើតឡើង ក្នុងពួកអ៊ីស្រាអែល ហើយពួកអ៊ីស្រាអែលក៏ដួលស្លាប់អស់៧ម៉ឺននាក់
15 ព្រះទ្រង់ក៏ចាត់ទេវតា១ទៅបំផ្លាញក្រុងយេរូសាឡិម តែកាលទេវតានោះហៀបនឹងបំផ្លាញទៅ នោះព្រះយេហូវ៉ាទ្រង់ទតឃើញ ក៏មានព្រះហឫទ័យរំជួល ថយចេញពីការអាក្រក់នោះ ហើយមានព្រះបន្ទូលទៅទេវតាដែលបំផ្លាញថា ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ ខណៈនោះ ទេវតានៃព្រះយេហូវ៉ាកំពុងតែឈរ នៅជិតលានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស
16 ដាវីឌទ្រង់ងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរ នៅកណ្តាលមេឃ និងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡិម នោះដាវីឌ និងពួកចាស់ទុំដែលស្លៀកសំពត់ធ្មៃក៏ផ្តួលខ្លួនក្រាបចុះផ្កាប់មុខ
17 ហើយដាវីឌទ្រង់ទូលដល់ព្រះថា គឺទូលបង្គំទេតើ ដែលបង្គាប់ឲ្យរាប់ចំនួនជនទាំងឡាយ គឺទូលបង្គំដែលបានធ្វើបាប ហើយប្រព្រឹត្តដោយការល្មើស តែពួកចៀមទាំងនេះវិញ តើគេបានធ្វើខុសអ្វី ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រះហស្តទ្រង់បានទាស់នឹងទូលបង្គំ ហើយនឹងពួកវង្សរបស់ទូលបង្គំចុះ សូមកុំឲ្យទាស់នឹងរាស្ត្ររបស់ទ្រង់ ឲ្យគេត្រូវវេទនាឡើយ។
18 នោះទេវតានៃព្រះយេហូវ៉ាបង្គាប់ដល់កាឌ់ ឲ្យទៅទូលដាវីឌ ឲ្យទ្រង់ឡើងទៅស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ា ត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស
19 ដូច្នេះ ដាវីឌក៏ឡើងទៅ តាមពាក្យដែលកាឌ់បានទូលដោយនូវព្រះនាមព្រះយេហូវ៉ា