១ របាក្សត្រ 22:11-17 KHOV

11 ដូច្នេះ កូន​អើយ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង ហើយ​សូម​ឲ្យ​ឯង​បាន​ចំរើន​ឡើង ដើម្បី​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ឯង​ហើយ

12 សូម​តែ​ឲ្យ​ព្រះ‌យេហូវ៉ា ទ្រង់​ប្រទាន​ប្រាជ្ញា និង​យោបល់ ដល់​ឯង ហើយ​បង្គាប់​បញ្ជា​ឯង​ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ឯង​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

13 យ៉ាង​នោះ ឯង​នឹង​បាន​ចំរើន​ឡើង គឺ​បើ​ឯង​រក្សា ហើយ​ប្រព្រឹត្ត​តាម​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ពី​ដំណើរ​ពួក​អ៊ីស្រា‌អែល​ជា​ពិត ចូរ​ឲ្យ​ឯង​មាន​កំឡាំង​ចុះ ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ដែរ កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ

14 ឥឡូវ​នេះ មើល ក្នុង​អស់​ទាំង​សេចក្ដី​ទុក្ខ​លំបាក​របស់​អញ នោះ​អញ​បាន​ចាត់‌ចែង​ទុក ជា​មាស​១​សែន​ហាប និង​ប្រាក់​១​លាន​ហាប ព្រម​ទាំង​លង្ហិន និង​ដែក​ដែល​ថ្លឹង​មិន​បាន​ផង ដ្បិត​ច្រើន​ហួស​កំណត់​ណាស់ ក៏​បាន​ចាត់‌ចែង​ឈើ និង​ថ្ម​ដែរ ហើយ​ឯង​នឹង​ចង់​បន្ថែម​ទៀត​ក៏​បាន

15 មួយ​ទៀត មាន​ពួក​ជាង​នៅ​ជា​មួយ​នឹង​ឯង​ជា​បរិបូរ​ដែរ គឺ​មាន​ជាង​ដាប់​ថ្ម​ជាង​អារ​ឈើ ហើយ​គ្រប់​ទាំង​មនុស្ស ដែល​ជំនាញ​ក្នុង​ការ​គ្រប់​មុខ

16 ខាង​ឯ​មាស ប្រាក់ លង្ហិន និង​ដែក នោះ​មាន​ជា​ច្រើន​ឥត​គណនា ដូច្នេះ ចូរ​ឯង​រៀប‌ចំ​ឡើង ចាប់​ធ្វើ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា​មួយ​នឹង​ឯង​ផង។

17 ដាវីឌ​ក៏​បង្គាប់​ដល់​ពួក​អ្នក ដែល​ជា​កំពូល​របស់​សាសន៍​អ៊ីស្រា‌អែល​ដែរ ឲ្យ​គេ​ត្រូវ​ជួយ​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់