3 ទ្រង់ក៏រៀបចំដែកយ៉ាងសន្ធឹក ដើម្បីធ្វើដែកគោលសំរាប់សន្លឹក និងក្របទ្វារ ហើយសំរាប់ត្រចៀកទ្វារផង និងលង្ហិនយ៉ាងសន្ធឹក ដែលថ្លឹងមិនបានដែរ
4 ព្រមទាំងឈើតាត្រៅឥតគណនា ដ្បិតពួកសាសន៍ស៊ីដូន និងពួកអ្នកក្រុងទីរ៉ុសគេនាំឈើតាត្រៅយ៉ាងសន្ធឹក មកថ្វាយដាវីឌ
5 ហើយទ្រង់មានព្រះបន្ទូលថា សាឡូម៉ូន បុត្រយើង នៅក្មេងខ្ចីពេកណាស់ ហើយព្រះវិហារដែលត្រូវស្អាងថ្វាយព្រះយេហូវ៉ា នោះត្រូវតែបានរុងរឿងយ៉ាងក្រៃលែង ព្រមទាំងមានសិរីលំអ និងល្បីឮទួទៅ នៅគ្រប់ទាំងនគរផង ដូច្នេះ យើងនឹងរៀបចំឲ្យ យ៉ាងនោះដាវីឌក៏ត្រៀមប្រដាប់ទុកជាបរិបូរមុនដែលទ្រង់អស់ព្រះជន្មទៅ។
6 រួចមកទ្រង់ហៅសាឡូម៉ូន ជាព្រះរាជបុត្រា មកផ្តាំឲ្យស្អាងព្រះវិហារ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
7 ដាវីឌក៏មានព្រះបន្ទូលនឹងសាឡូម៉ូនថា កូនអើយ ក្នុងចិត្តអញមានគំនិតចង់ស្អាងព្រះវិហារថ្វាយដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃអញហើយ
8 តែព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់អញថា ឯងបានកំចាយឈាមជាច្រើន ហើយបានច្បាំងចំបាំងយ៉ាងធំ មិនត្រូវឲ្យឯងស្អាងព្រះវិហារ សំរាប់ឈ្មោះអញទេ ពីព្រោះបានកំចាយឈាមជាច្រើន នៅលើផែនដី នៅចំពោះអញ
9 មើល នឹងមានកូនប្រុស១កើតដល់ឯង កូននោះនឹងបានជាមនុស្សទំនេរនៅ ហើយអញនឹងឲ្យវាមានសេចក្ដីសំរាក ពីពួកខ្មាំងសត្រូវនៅជុំវិញ ដ្បិតវានឹងមានឈ្មោះថា សាឡូម៉ូន ហើយនៅជំនាន់វា អញនឹងឲ្យពួកអ៊ីស្រាអែលបានសេចក្ដីសុខសាន្ត និងសេចក្ដីស្រាកស្រាន្ត