១ របាក្សត្រ 22:5-11 KHOV

5 ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សាឡូ‌ម៉ូន បុត្រ​យើង នៅ​ក្មេង​ខ្ចី​ពេក​ណាស់ ហើយ​ព្រះ‌វិហារ​ដែល​ត្រូវ​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​តែ​បាន​រុងរឿង​យ៉ាង​ក្រៃលែង ព្រម​ទាំង​មាន​សិរី​លំអ និង​ល្បី​ឮ​ទួទៅ នៅ​គ្រប់​ទាំង​នគរ​ផង ដូច្នេះ យើង​នឹង​រៀប‌ចំ​ឲ្យ យ៉ាង​នោះ​ដាវីឌ​ក៏​ត្រៀម​ប្រដាប់​ទុក​ជា​បរិបូរ​មុន​ដែល​ទ្រង់​អស់​ព្រះ‌ជន្ម​ទៅ។

6 រួច​មក​ទ្រង់​ហៅ​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា មក​ផ្តាំ​ឲ្យ​ស្អាង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

7 ដាវីឌ​ក៏​មាន​ព្រះ‌បន្ទូល​នឹង​សាឡូ‌ម៉ូន​ថា កូន​អើយ ក្នុង​ចិត្ត​អញ​មាន​គំនិត​ចង់​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អញ​ហើយ

8 តែ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​អញ​ថា ឯង​បាន​កំចាយ​ឈាម​ជា​ច្រើន ហើយ​បាន​ច្បាំង​ចំបាំង​យ៉ាង​ធំ មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ​ទេ ពី​ព្រោះ​បាន​កំចាយ​ឈាម​ជា​ច្រើន នៅ​លើ​ផែនដី នៅ​ចំពោះ​អញ

9 មើល នឹង​មាន​កូន​ប្រុស​១​កើត​ដល់​ឯង កូន​នោះ​នឹង​បាន​ជា​មនុស្ស​ទំនេរ​នៅ ហើយ​អញ​នឹង​ឲ្យ​វា​មាន​សេចក្ដី​សំរាក ពី​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ ដ្បិត​វា​នឹង​មាន​ឈ្មោះ​ថា សាឡូ‌ម៉ូន ហើយ​នៅ​ជំនាន់​វា អញ​នឹង​ឲ្យ​ពួក​អ៊ីស្រា‌អែល​បាន​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​ស្រាក‌ស្រាន្ត

10 កូន​នោះ​នឹង​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ​វិញ វា​នឹង​ធ្វើ​ជា​កូន​របស់​អញ អញ​ក៏​នឹង​ធ្វើ​ជា​ឪពុក​ដល់​វា ហើយ​នឹង​តាំង​រាជ្យ​វា លើ​នគរ​អ៊ីស្រា‌អែល​ជា​ដរាប​ទៅ

11 ដូច្នេះ កូន​អើយ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង ហើយ​សូម​ឲ្យ​ឯង​បាន​ចំរើន​ឡើង ដើម្បី​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ឯង​ហើយ