9 មើល នឹងមានកូនប្រុស១កើតដល់ឯង កូននោះនឹងបានជាមនុស្សទំនេរនៅ ហើយអញនឹងឲ្យវាមានសេចក្ដីសំរាក ពីពួកខ្មាំងសត្រូវនៅជុំវិញ ដ្បិតវានឹងមានឈ្មោះថា សាឡូម៉ូន ហើយនៅជំនាន់វា អញនឹងឲ្យពួកអ៊ីស្រាអែលបានសេចក្ដីសុខសាន្ត និងសេចក្ដីស្រាកស្រាន្ត
10 កូននោះនឹងស្អាងព្រះវិហារ សំរាប់ឈ្មោះអញវិញ វានឹងធ្វើជាកូនរបស់អញ អញក៏នឹងធ្វើជាឪពុកដល់វា ហើយនឹងតាំងរាជ្យវា លើនគរអ៊ីស្រាអែលជាដរាបទៅ
11 ដូច្នេះ កូនអើយ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង ហើយសូមឲ្យឯងបានចំរើនឡើង ដើម្បីស្អាងព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃឯងដូចជាទ្រង់បានមានព្រះបន្ទូលពីដំណើរឯងហើយ
12 សូមតែឲ្យព្រះយេហូវ៉ា ទ្រង់ប្រទានប្រាជ្ញា និងយោបល់ ដល់ឯង ហើយបង្គាប់បញ្ជាឯងពីដំណើរសាសន៍អ៊ីស្រាអែល ដើម្បីឲ្យឯងបានកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង
13 យ៉ាងនោះ ឯងនឹងបានចំរើនឡើង គឺបើឯងរក្សា ហើយប្រព្រឹត្តតាមច្បាប់ និងបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេ ពីដំណើរពួកអ៊ីស្រាអែលជាពិត ចូរឲ្យឯងមានកំឡាំងចុះ ហើយឲ្យចិត្តក្លាហានដែរ កុំឲ្យខ្លាច ឬរសាយចិត្តឡើយ
14 ឥឡូវនេះ មើល ក្នុងអស់ទាំងសេចក្ដីទុក្ខលំបាករបស់អញ នោះអញបានចាត់ចែងទុក ជាមាស១សែនហាប និងប្រាក់១លានហាប ព្រមទាំងលង្ហិន និងដែកដែលថ្លឹងមិនបានផង ដ្បិតច្រើនហួសកំណត់ណាស់ ក៏បានចាត់ចែងឈើ និងថ្មដែរ ហើយឯងនឹងចង់បន្ថែមទៀតក៏បាន
15 មួយទៀត មានពួកជាងនៅជាមួយនឹងឯងជាបរិបូរដែរ គឺមានជាងដាប់ថ្មជាងអារឈើ ហើយគ្រប់ទាំងមនុស្ស ដែលជំនាញក្នុងការគ្រប់មុខ