23 តែដាវីឌមិនបានរាប់ចំនួនគេ ពីត្រឹមអាយុ២០ឆ្នាំ ចុះទៅក្រោមទេ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា ទ្រង់នឹងចំរើនពួកអ៊ីស្រាអែល ឲ្យមានគ្នាច្រើន ដូចជាផ្កាយ ដែលនៅលើមេឃ
24 យ៉ូអាប់ ជាកូនសេរូយ៉ា លោកចាប់តាំងរាប់តែមិនបានបង្ហើយទេ ដ្បិតដំណើរនោះ បានបណ្តាលឲ្យមានសេចក្ដីក្រោធ មកលើសាសន៍អ៊ីស្រាអែល ហើយចំនួនពួកគេ នោះមិនបានកត់ទុក ក្នុងបញ្ជីពង្សាវតារនៃស្តេចដាវីឌទេ។
25 ឯអ្នករក្សាព្រះរាជទ្រព្យរបស់ស្តេច គឺអាសម៉ាវែត ជាកូនអ័ឌីអែល ហើយយ៉ូណាថាន ជាកូនអ៊ូស៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យសម្បត្តិ នៅស្រែចំការ នៅទីក្រុង និងភូមិ ហើយនៅដំណាក់ទាំងប៉ុន្មាន
26 អែសរី កូនកេលូបជាអ្នកត្រួតលើពួកអ្នកភ្ជួររាស់ នៅស្រែចំការ
27 ស៊ីម៉ាយ ដែលនៅក្រុងរ៉ាម៉ា ជាអ្នកត្រួតត្រាលើចំការទំពាំងបាយជូរ ហើយសាប់ឌី ក្នុងពួកសេផាម ជាអ្នកត្រួតលើឃ្លាំងស្រាទំពាំងបាយជូរ ដែលនៅឯចំការ
28 បាលហាន៉ាន់ ដែលនៅក្រុងកេឌើរ ជាអ្នកត្រួតលើចំការអូលីវ និងដើមឧទុម្ពរដែលដុះនៅស្រុកទំនាប ហើយយ៉ូអាស ជាអ្នកត្រួតលើឃ្លាំងប្រេងអូលីវ
29 ស៊ីតរ៉ាយ ដែលនៅស្រុកសារ៉ុន ជាអ្នកត្រួតលើហ្វូងសត្វ ដែលរកស៊ីនៅស្រុកសារ៉ុន ហើយសាផាត កូនអ័ឌឡាយ ជាអ្នកត្រួតលើហ្វូងសត្វ ដែលនៅច្រកភ្នំទាំងប៉ុន្មាន