1 គ្រានោះ ដាវីឌទ្រង់ប្រមូលពួកអ្នក ដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែល ពួកចៅហ្វាយនៃពូជអំបូរទាំងប៉ុន្មាន ពួកនាយដែលត្រួតលើពួកអ្នកផ្គត់ផ្គង់ស្បៀងថ្វាយស្តេចតាមវេន ពួកមេទ័ពធំតូច ពួកអ្នកដែលត្រួតលើព្រះរាជទ្រព្យរបស់ស្តេច និងពួកបុត្រាទ្រង់ទាំងប៉ុន្មាន និងពួកឧកញ៉ា គឺជាពួកខ្លាំងពូកែ មានចិត្តក្លាហានទាំងអស់មកប្រជុំគ្នានៅក្រុងយេរូសាឡិម
2 រួចស្តេចដាវីឌទ្រង់ក្រោកឈរឡើងមានព្រះបន្ទូលថា ឱបងប្អូន ជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ឯយើងបានមានបំណង ចង់ស្អាងព្រះវិហារ សំរាប់ឲ្យហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាបានសំរាកនៅ ហើយទុកជាទីកំណល់កល់ព្រះបាទរបស់ព្រះនៃយើងរាល់គ្នា យើងក៏បានត្រៀមទុកសំរាប់ការស្អាងនោះដែរ
3 តែព្រះទ្រង់មានព្រះបន្ទូលមកយើងថា ឯងមិនត្រូវស្អាងព្រះវិហារ សំរាប់ឈ្មោះអញឡើយ ដ្បិតឯងជាមនុស្សធ្លាប់ធ្វើចំបាំងមក ហើយបានកំចាយឈាមផង
4 ប៉ុន្តែ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានរើសយើងចេញ ពីពួកវង្សរបស់បិតាយើងទាំងប៉ុន្មាន ឲ្យបានធ្វើជាស្តេចលើពួកអ៊ីស្រាអែលជាដរាបទៅ ដ្បិតទ្រង់បានរើសពួកយូដាទុកជាមេ ហើយក្នុងពួកវង្សយូដា នោះទ្រង់បានរើសយកវង្សរបស់បិតាយើង ហើយក្នុងពួកបុត្ររបស់បិតាយើង នោះទ្រង់បានសព្វព្រះហឫទ័យនឹងយើង ដើម្បីលើកឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់